14 រីឯបន្ទាប់នឹងទ្រង់ មានកើសេណា សេថារ អ័ឌម៉ាថា តើស៊ីស មេរេស ម៉ាសេណា និងមមូកាន ជានាយកនៃសាសន៍ពើស៊ី និងសាសន៍មេឌី ទាំង៧នាក់ដែលធ្លាប់នៅចំពោះស្តេច ហើយជាអ្នកលេខ១ក្នុងនគរ
15 ទ្រង់សួរថា តាមច្បាប់ តើត្រូវធ្វើដូចម្តេចដល់ព្រះនាងវ៉ាសធី ជាអគ្គមហេសី ដ្បិតព្រះនាងមិនបានធ្វើតាមបង្គាប់យើង ដោយសារពួកក្រមវាំងទេ
16 នោះមមូកាន លោកទូលឆ្លើយនៅចំពោះស្តេច និងពួកនាយកទាំងប៉ុន្មានថា អគ្គមហេសី ព្រះនាងបានប្រព្រឹត្តខុស មិនមែនត្រឹមតែនឹងព្រះករុណាប៉ុណ្ណោះ គឺដល់ទាំងពួកអ្នកជាប្រធាន និងបណ្តាជនទាំងឡាយ ដែលនៅអស់ទាំងខេត្តរបស់ព្រះករុណាទៀតផង
17 ដ្បិតការដែលអគ្គមហេសីប្រព្រឹត្តនេះ គឺឮទៅដល់ពួកស្រីៗ ទាំងអស់ បណ្តាលឲ្យគេមើលងាយដល់ប្ដីរបស់ខ្លួនគ្រប់គ្នា ដោយដំណឹងនេះបានផ្សាយទៅថា ស្តេចអ័ហាស៊ូរុសបានបង្គាប់ឲ្យគេនាំព្រះនាង ជាអគ្គមហេសី មកចំពោះទ្រង់ តែព្រះនាងមិនព្រមស្តេចមកទេ
18 ហើយនៅថ្ងៃនេះ ពួកខុនណាងសាសន៍ពើស៊ី និងសាសន៍មេឌីទាំងប៉ុន្មាន ដែលឮនិយាយពីការអគ្គមហេសីបានធ្វើនេះ គេនឹងប្រកែកដល់ប្ដីខ្លួន ជាពួកប្រធាននៃស្តេចដូច្នោះដែរ យ៉ាងនោះនឹងកើតមានសេចក្ដីមើលងាយ និងស្តេចក្តីកំហឹងជាច្រើន
19 បើសិនជាព្រះករុណាសព្វព្រះទ័យ នោះសូមទ្រង់ចេញព្រះរាជឱង្ការ ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី និងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់បានឡើយ ហាមមិនឲ្យព្រះនាងចូលមកចំពោះព្រះករុណាទៀត ហើយសូមព្រះករុណាប្រគល់ដំណែងយសហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀតដែលវិសេសជាង
20 ដូច្នេះ កាលណាព្រះរាជឱង្ការរបស់ស្តេចបានប្រកាសផ្សាយទៅគ្រប់ក្នុងនគរទ្រង់ (រីឯនគរទ្រង់នោះធំណាស់) នោះស្ត្រីទាំងអស់នឹងគោរពប្រតិបត្តិដល់ប្ដីខ្លួន ទោះទាំងធំទាំងតូចផង