5 លុះកាលផុតថ្ងៃទាំងនោះហើយ ស្តេចទ្រង់ជប់លៀងដល់ពួកជនទាំងអស់ ទាំងធំទាំងតូច ដែលនៅស៊ូសាន ជាក្រុងហ្លួងអស់៧ថ្ងៃ នៅត្រង់ទីធ្លាក្នុងព្រះរាជឧទ្យាននៃដំណាក់ស្តេច
6 ដែលមានសំពត់ស បៃតង និងខៀវចងដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស និងពីប្រាក់ដាក់លើកំរាលថ្មកែវពណ៌ក្រហម ស លឿង ហើយខ្មៅដែរ
7 គេឲ្យផឹកដោយប្រដាប់មាសដែលផ្សេងពីគ្នាទាំងអស់ ហើយមានស្រាទំពាំងបាយជូររបស់ហ្លួងជាបរិបូរតាមសណ្ឋានស្តេច
8 តែគ្មានអ្នកណាបង្ខំឡើយ ដ្បិតស្តេចទ្រង់បានចេញច្បាប់ បង្គាប់ដល់ពួកភ្នាក់ងាររបស់ទ្រង់ ឲ្យបានធ្វើតាមចិត្តរបស់មនុស្សនីមួយៗ។
9 ឯព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏ជប់លៀងដល់ពួកស្រីៗ នៅក្នុងព្រះរាជដំណាក់របស់ស្តេចអ័ហាស៊ូរុសដែរ
10 លុះដល់ថ្ងៃទី៧ ក្នុងកាលដែលស្តេចទ្រង់មានព្រះទ័យសប្បាយដោយស្រា នោះទ្រង់បង្គាប់ដល់មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និងកើកាស ជាពួកក្រមវាំងទាំង៧នាក់ ជាអ្នកដែលបំរើនៅចំពោះស្តេចអ័ហាស៊ូរុស
11 ឲ្យទៅនាំព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ មានទាំងពាក់មកុដផង ដើម្បីនឹងសំដែងលំអព្រះរូបដល់បណ្តាជន និងដល់ពួកអ្នកជាប្រធានទាំងឡាយ ពីព្រោះព្រះនាងមានរូបឆោមល្អពេកណាស់