15 ឯអេសធើរ កូនអ័ប៊ីហែល ជាមារបស់ម៉ាដេកាយដែលបានយកមកចិញ្ចឹមទុកជាកូនខ្លួន កាលដល់ពេលដែលនាងត្រូវចូលទៅឯស្តេច នោះនាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗបានឲ្យនោះទេ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាង
16 គេក៏នាំអេសធើរចូលទៅថ្វាយស្តេចអ័ហាស៊ូរុស នៅក្នុងព្រះរាជដំណាក់ នៅខែទី១០ គឺជាខែបុស្ស ក្នុងឆ្នាំទី៧នៃរាជ្យទ្រង់
17 ស្តេចទ្រង់ក៏ស្រឡាញ់អេសធើរលើសជាងស្ត្រីឯទៀត ហើយនាងទទួលបានព្រះគុណ និងសេចក្ដីប្រោសប្រាណ នៅចំពោះទ្រង់ លើសជាងពួកស្រីក្រមុំទាំងប៉ុន្មាន ដល់ម៉្លេះបានជាទ្រង់បំពាក់មកុដរាជ្យ តាំងនាងឡើងជាអគ្គមហេសីជំនួសវ៉ាសធី
18 រួចស្តេចទ្រង់ជប់លៀងជាយ៉ាងធំ ដល់អស់ទាំងពួកអ្នកជាប្រធាន និងពួកជំនិតទ្រង់ទាំងអស់ គឺជាការជប់លៀងរបស់អេសធើរ ទ្រង់ក៏បោស ឲ្យមនុស្សនៅគ្រប់ខេត្តបានឈប់សំរាក ហើយទ្រង់ដាក់ទាន តាមសណ្ឋានស្តេច។
19 លុះដល់ពួកនាងក្រមុំបានប្រជុំគ្នាលើកទី២ នោះម៉ាដេកាយគាត់អង្គុយនៅត្រង់មាត់ទ្វារព្រះរាជវាំង
20 ឯអេសធើរ នាងមិនបានប្រាប់ឲ្យអ្នកណាដឹង ពីគ្រួ និងពីជំនួរវង្សរបស់ខ្លួនទេ តាមបង្គាប់របស់ម៉ាដេកាយ ពីព្រោះនាងនៅតែស្តាប់បង្គាប់ម៉ាដេកាយ ដូចនៅគ្រាដែលគាត់ចិញ្ចឹមនៅឡើយ
21 រីឯនៅគ្រានោះ កាលម៉ាដេកាយកំពុងតែអង្គុយនៅមាត់ទ្វារព្រះរាជវាំង នោះមានភ្នាក់ងាររបស់ស្តេច២នាក់ ឈ្មោះប៊ីកថាន និងថេរែស ក្នុងពួកអ្នកចាំយាមនៅមាត់ទ្វារព្រះរាជវាំង គេមានសេចក្ដីកំហឹង ហើយរកឱកាសដល់ព្រះជន្មស្តេចអ័ហាស៊ូរុស