2 នោះពួកមហាតលិកទាំងឡាយដែលបំរើស្តេចក៏ទូលទ្រង់ថា សូមទ្រង់ឲ្យគេទៅរកស្ត្រីក្រមុំ ដែលមានរូបស្រស់ល្អមកថ្វាយទ្រង់
3 សូមព្រះករុណាចាត់ដំរូវឲ្យមានភ្នាក់ងារ នៅគ្រប់ខេត្តក្នុងនគរទ្រង់ ដើម្បីនឹងប្រមូលស្ត្រីក្រមុំ ដែលស្រស់ល្អទាំងប៉ុន្មាន មកឯស៊ូសាន ជាទីក្រុងហ្លួង ឲ្យនៅក្នុងមន្ទីរសំរាប់ពួកស្រីៗ ក្រោមអំណាចហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗ រួចឲ្យគេបើកគ្រឿង សំរាប់ជំរះខ្លួនដល់នាងទាំងនោះ
4 រួចមក ឯនាងណាដែលសព្វព្រះទ័យដល់ព្រះករុណា នោះសូមទ្រង់តាំងឡើងឲ្យធ្វើជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធីនោះ ស្តេចទ្រង់សព្វព្រះទ័យនឹងសេចក្ដីនោះ ហើយក៏ធ្វើតាមដូច្នោះ។
5 រីឯនៅស៊ូសាន ជាទីក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយៗ ជាកូនគីស ក្នុងពូជបេនយ៉ាមីន
6 គាត់ត្រូវដឹកនាំចេញពីទីក្រុងយេរូសាឡិម ជាមួយនឹងពួកឈ្លើយ ដែលបាននាំទៅ ក្នុងគ្រាដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានចាប់យេកូនាស ជាស្តេចយូដានាំយកទៅ
7 គាត់បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនរបស់មាគាត់ ដ្បិតនាងគ្មានឪពុកម្តាយ នាងមានរូបឆោមឆាយ ហើយមុខស្រស់ល្អ កាលឪពុកម្តាយនាងស្លាប់ទៅហើយ នោះម៉ាដេកាយបានយកនាងមកចិញ្ចឹមទុកជាកូនខ្លួន។
8 ដូច្នេះ កាលគេបានប្រកាសប្រាប់ព្រះរាជឱង្ការ និងច្បាប់របស់ស្តេច ហើយបានប្រមូលស្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួងប្រគល់ក្រោមអំណាចហេកាយ នោះគេក៏នាំយកអេសធើរទៅក្នុងដំណាក់ស្តេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នករក្សាពួកស្រីៗដែរ