1 ក្រោយនោះមក ស្តេចអ័ហាស៊ូរុសទ្រង់លើកដំកើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងលើកលោកឡើង តាំងឲ្យមានងារជាធំលើសអស់ទាំងអ្នក ជាប្រធានដែលនៅចំពោះទ្រង់
2 ដូច្នេះ ពួកមហាតលិករបស់ស្តេច ដែលនៅត្រង់មាត់ទ្វារព្រះរាជវាំង គេឱនខ្លួនចុះគោរពដល់ហាម៉ានទាំងអស់គ្នា ពីព្រោះស្តេចទ្រង់បានចេញបង្គាប់ ពីដំណើរលោកយ៉ាងនោះ តែម៉ាដេកាយមិនបានឱនខ្លួនទេ ក៏មិនគោរពផង
3 ដូច្នេះ ពួកមហាតលិករបស់ស្តេចដែលនៅត្រង់មាត់ទ្វារព្រះរាជវាំង គេសួរគាត់ថា ហេតុអ្វីបានជាអ្នកទទឹងនឹងបង្គាប់ស្តេចដូច្នេះ
4 រួចកាលគេបានរំឭកដល់គាត់រាល់តែថ្ងៃ តែគាត់មិនព្រមស្តាប់តាម នោះគេក៏ជំរាបដល់ហាម៉ាន ដើម្បីនឹងលមើលបើសេចក្ដីដែលម៉ាដេកាយប្រព្រឹត្តដូច្នោះ នឹងបាន ឬមិនបានពីព្រោះគាត់បានប្រាប់ឲ្យគេដឹងហើយ ថាគាត់ជាសាសន៍យូដា
5 កាលហាម៉ានឃើញថា ម៉ាដេកាយមិនឱនគោរពដល់ខ្លួនទេ នោះលោកមានចិត្តពេញដោយសេចក្ដីក្រោធ
6 តែលោកតោះតើយ និងចង់ចាប់ម៉ាដេកាយតែ១ប៉ុណ្ណោះ ដ្បិតគេបានជំរាបឲ្យលោកជ្រាបពីសាសន៍របស់ម៉ាដេកាយហើយ បានជាលោករកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់បង់ ដែលមាននៅពេញក្នុងនគររបស់អ័ហាស៊ូរុសទាំងមូលវិញ គឺជាជាតិរបស់ម៉ាដេកាយទាំងប៉ុន្មាន។
7 រីឯនៅឆ្នាំ១២ក្នុងរាជ្យអ័ហាស៊ូរុស គឺនៅខែទី១ ជាខែចេត្រ នោះគេវាយលេខតាមរបៀន «ពោរ» នៅមុខហាម៉ាន ដេញរកថ្ងៃខែ ទៅទល់នឹងខែ១២ ទើបត្រូវ គឺជាខែផល្គុន