នាងអេសធើរ 3:11-15 KHOV

11 ដោយ​ព្រះ‌បន្ទូល​ថា ប្រាក់​នោះ​យើង​បាន​អនុញ្ញាត​ឲ្យ​អ្នក​ហើយ ព្រម​ទាំង​សាសន៍​នោះ​ផង ដើម្បី​ឲ្យ​អ្នក​ធ្វើ​ដល់​គេ តាម​តែ​គិត​ឃើញ​ថា​ល្អ​ចុះ។

12 នៅ​ថ្ងៃ​១៣​ខែ​ចេត្រ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក កត់​គ្រប់​ទាំង​សេចក្ដី​ដែល​ហាម៉ាន​បង្គាប់​ដល់​ពួក​ចៅ‌ហ្វាយ​ខេត្ត​របស់​ស្តេច ពួក​ចៅ‌ហ្វាយ​ដែល​ត្រួត​នៅ​គ្រប់​តែ​ស្រុក និង​ពួក​មេ​នៃ​គ្រប់​ទាំង​សាសន៍ គឺ​ដល់​គ្រប់​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ដល់​គ្រប់​សាសន៍ តាម​ភាសា​របស់​គេ ច្បាប់​នោះ​បាន​កត់​ទុក​ដោយ​នូវ​ព្រះ‌នាម​ស្តេច​អ័ហា‌ស៊ូរុស ក៏​បោះ​ត្រា​ដោយ​ព្រះ‌ទំរង់​របស់​ស្តេច​ដែរ

13 ហើយ​គេ​ផ្ញើ​សំបុត្រ​ទាំង​នោះ ទៅ​គ្រប់​ទាំង​ខេត្ត​របស់​ស្តេច ដោយ‌សារ​ពួក​អ្នក​រត់​សំបុត្រ បង្គាប់​ឲ្យ​បំផ្លាញ​សំឡាប់ ហើយ​ធ្វើ​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់​វិនាស​បង់ ទោះ​ទាំង​ចាស់​ទាំង​ក្មេង និង​កូន‌ង៉ែត ហើយ​ស្ត្រីៗ​ផង ក្នុង​រវាង​១​ថ្ងៃ​កំណត់​នោះ ដែល​ត្រូវ​ជា​ថ្ងៃ​១៣​ខែ​១២ គឺ​ជា​ខែ​ផល្គុន ព្រម​ទាំង​រឹប​ជាន់​យក​ទ្រព្យ​សម្បត្តិ​គេ​ផង

14 ឯ​សំបុត្រ​ទាំង​នោះ​មាន​ចម្លង​ព្រះ‌រាជ‌ឱង្ការ ដែល​ត្រូវ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ នៅ​អស់​ទាំង​ខេត្ត​ផង ឲ្យ​គេ​បាន​ប្រុង‌ប្រៀប​ជា​ស្រេច​នៅ​ថ្ងៃ​នោះ

15 ពួក​រត់​សំបុត្រ​ក៏​ចេញ​ទៅ​ជា​ប្រញាប់ តាម​បង្គាប់​របស់​ស្តេច ហើយ​ព្រះ‌រាជ‌ឱង្ការ​នោះ​បាន​ប្រកាស​ប្រាប់ នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង​ដែរ រួច​ស្តេច និង​ហាម៉ាន​ក៏​នាំ​គ្នា​បរិភោគ​ស្រា តែ​ទី​ក្រុង​ស៊ូសាន​មាន​សេចក្ដី​ស្រឡាំង‌កាំង​នៅ។