នាងអេសធើរ 3:6-12 KHOV

6 តែ​លោក​តោះ‌តើយ និង​ចង់​ចាប់​ម៉ា‌ដេកាយ​តែ​១​ប៉ុណ្ណោះ ដ្បិត​គេ​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ពី​សាសន៍​របស់​ម៉ា‌ដេកាយ​ហើយ បាន​ជា​លោក​រក​ឱកាស​នឹង​បំផ្លាញ​សាសន៍​យូដា​ទាំង​អស់​បង់ ដែល​មាន​នៅ​ពេញ​ក្នុង​នគរ​របស់​អ័ហា‌ស៊ូរុស​ទាំង​មូល​វិញ គឺ​ជា​ជាតិ​របស់​ម៉ា‌ដេកាយ​ទាំង​ប៉ុន្មាន។

7 រីឯ​នៅ​ឆ្នាំ​១២​ក្នុង​រាជ្យ​អ័ហា‌ស៊ូរុស គឺ​នៅ​ខែ​ទី​១ ជា​ខែ​ចេត្រ នោះ​គេ​វាយ​លេខ​តាម​របៀន «ពោរ» នៅ​មុខ​ហាម៉ាន ដេញ​រក​ថ្ងៃ​ខែ ទៅ​ទល់​នឹង​ខែ​១២ ទើប​ត្រូវ គឺ​ជា​ខែ​ផល្គុន

8 នោះ​ហាម៉ាន​ទូល​ដល់​ស្តេច​អ័ហា‌ស៊ូរុស​ថា មាន​សាសន៍១ ដែល​ខ្ចាត់​ខ្ចាយ​នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ក្នុង​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ទ្រង់ គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃ​សាសន៍​ទាំង​អស់ ក៏​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ‌ករុណា​ផង ដូច្នេះ មិន​គួរ​ឲ្យ​ព្រះ‌ករុណា​ទុក​ឲ្យ​គេ​នៅ​ទៀត​ទេ

9 បើ​សិន​ជា​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ នោះ​សូម​ទ្រង់​បង្គាប់​ឲ្យ​មាន​ច្បាប់​កត់​ទុក ឲ្យ​បំផ្លាញ​ពួក​នោះ​ចេញ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​ប្រគល់​ប្រាក់​១​ម៉ឺន​ហាប​ទៅ​ក្នុង​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន សំរាប់​ពួក​អ្នក​ដែល​ចាត់‌ចែង​ការ​នោះ

10 ដូច្នោះ ស្តេច​ទ្រង់​ដោះ​ព្រះ‌ទំរង់​ពី​ព្រះ‌ហស្ត​ប្រគល់​ដល់​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ជា​ខ្មាំង​សត្រូវ​ពួក​យូដា

11 ដោយ​ព្រះ‌បន្ទូល​ថា ប្រាក់​នោះ​យើង​បាន​អនុញ្ញាត​ឲ្យ​អ្នក​ហើយ ព្រម​ទាំង​សាសន៍​នោះ​ផង ដើម្បី​ឲ្យ​អ្នក​ធ្វើ​ដល់​គេ តាម​តែ​គិត​ឃើញ​ថា​ល្អ​ចុះ។

12 នៅ​ថ្ងៃ​១៣​ខែ​ចេត្រ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក កត់​គ្រប់​ទាំង​សេចក្ដី​ដែល​ហាម៉ាន​បង្គាប់​ដល់​ពួក​ចៅ‌ហ្វាយ​ខេត្ត​របស់​ស្តេច ពួក​ចៅ‌ហ្វាយ​ដែល​ត្រួត​នៅ​គ្រប់​តែ​ស្រុក និង​ពួក​មេ​នៃ​គ្រប់​ទាំង​សាសន៍ គឺ​ដល់​គ្រប់​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ដល់​គ្រប់​សាសន៍ តាម​ភាសា​របស់​គេ ច្បាប់​នោះ​បាន​កត់​ទុក​ដោយ​នូវ​ព្រះ‌នាម​ស្តេច​អ័ហា‌ស៊ូរុស ក៏​បោះ​ត្រា​ដោយ​ព្រះ‌ទំរង់​របស់​ស្តេច​ដែរ