1 ចំណែកម៉ាដេកាយ កាលបានដឹងពីការដែលកើតមកទាំងនោះហើយ នោះគាត់ហែកអាវខ្លួន ហើយស្លៀកសំពត់ធ្មៃរោយផេះផង រួចចេញទៅកណ្តាលទីក្រុងស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ហើយជូរចត់
2 គាត់ក៏ទៅរហូតដល់មុខទ្វារព្រះរាជវាំង ដ្បិតគ្មានច្បាប់នឹងចូលទៅក្នុងព្រះរាជវាំងទាំងស្លៀកសំពត់ធ្មៃបានឡើយ
3 ហើយនៅគ្រប់តែខេត្ត ត្រង់កន្លែងណាក៏ដោយ ដែលព្រះរាជឱង្ការ និងបង្គាប់នៃស្តេចបានទៅដល់ នោះមានសេចក្ដីសៅសោកជាខ្លាំង នៅក្នុងពួកសាសន៍យូដា ព្រមទាំងការតមអត់យំយែក ហើយស្រែកទ្រហោ ក៏មានគ្នាច្រើនបានគ្រលំដោយសំពត់ធ្មៃដេកនៅគំនរផែះផង។
4 ពួកស្រីបំរើ និងពួកភ្នាក់ងាររបស់អគ្គមហេសី នាងអេសធើរ ក៏មកទូលសេចក្ដីនោះដល់ព្រះនាង ដូច្នេះ ព្រះនាងមានសេចក្ដីថប់ព្រួយជាខ្លាំង ក៏ផ្ញើសំលៀកបំពាក់ទៅជូនដល់ម៉ាដេកាយ ដើម្បីឲ្យគាត់បានផ្លាស់សំពត់ធ្មៃចេញ តែគាត់មិនព្រមទទួលទេ
5 អេសធើរក៏ហៅហាថាក់ ជាភ្នាក់ងាររបស់ស្តេច ដែលទ្រង់បានដំរូវឲ្យបំរើព្រះនាងមកបង្គាប់ឲ្យទៅឯម៉ាដេកាយ ដើម្បីនឹងសួរឲ្យដឹងពីរឿងនោះ ហើយពីហេតុអ្វីបានជាកើតដូច្នេះ