នាងអេសធើរ 5:1-5 KHOV

1 លុះ​ដល់​ថ្ងៃ​ទី​៣ នោះ​អេសធើរ​ក៏​ទ្រង់​គ្រឿង​មហេសី​ចូល​ទៅ ឈរ​ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង ដែល​ទល់​មុខ​នឹង​ដំណាក់​ស្តេច ឯ​ស្តេច​ទ្រង់​គង់​លើ​បល្ល័ង្ក‌រាជ្យ ក្នុង​មហា‌មន្ទីរ ប្រឈម​នឹង​ផ្លូវ​ចូល​ទៅ​ឯ​ព្រះ‌រាជ‌ដំណាក់

2 កាល​ស្តេច​ទ្រង់​ទត​ឃើញ​អេសធើរ ជា​អគ្គ‌មហេសី ឈរ​ក្នុង​ព្រះ‌រាជ‌រោង​ដូច្នោះ នោះ​ទ្រង់​ក៏​ប្រោស​ដល់​ព្រះ‌នាង ហើយ​ហុច​ព្រះ‌ដំបង​មាស ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ឯ​ព្រះ‌នាង រួច​ព្រះ‌នាង​យាង​ចូល​ទៅ​ពាល់​ចុង​ព្រះ‌ដំបង​នោះ

3 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ‌នាង​សូម ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង

4 អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ នោះ​សូម​ព្រះ‌ករុណា និង​ហាម៉ាន​យាង​ទៅ​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ។

5 ដូច្នេះ ស្តេច​ទ្រង់​ក៏​បង្គាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហាម៉ាន​ឲ្យ​ប្រញាប់​ឡើង ដើម្បី​ឲ្យ​បាន​សំរេច​ដូច​ព្រះ‌នាង​បាន​ថា យ៉ាង​នោះ​ស្តេច​នឹង​ហាម៉ាន​បាន​មក​សោយ​លៀង ដែល​អេសធើរ​បាន​រៀប‌ចំ​ថ្វាយ