នាងអេសធើរ 5:2-8 KHOV

2 កាល​ស្តេច​ទ្រង់​ទត​ឃើញ​អេសធើរ ជា​អគ្គ‌មហេសី ឈរ​ក្នុង​ព្រះ‌រាជ‌រោង​ដូច្នោះ នោះ​ទ្រង់​ក៏​ប្រោស​ដល់​ព្រះ‌នាង ហើយ​ហុច​ព្រះ‌ដំបង​មាស ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ឯ​ព្រះ‌នាង រួច​ព្រះ‌នាង​យាង​ចូល​ទៅ​ពាល់​ចុង​ព្រះ‌ដំបង​នោះ

3 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ‌នាង​សូម ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង

4 អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ នោះ​សូម​ព្រះ‌ករុណា និង​ហាម៉ាន​យាង​ទៅ​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ។

5 ដូច្នេះ ស្តេច​ទ្រង់​ក៏​បង្គាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហាម៉ាន​ឲ្យ​ប្រញាប់​ឡើង ដើម្បី​ឲ្យ​បាន​សំរេច​ដូច​ព្រះ‌នាង​បាន​ថា យ៉ាង​នោះ​ស្តេច​នឹង​ហាម៉ាន​បាន​មក​សោយ​លៀង ដែល​អេសធើរ​បាន​រៀប‌ចំ​ថ្វាយ

6 កំពុង​តែ​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​អេសធើរ​ថា តើ​ព្រះ‌នាង​ចង់​បាន​អ្វី យើង​នឹង​បើក​ឲ្យ តើ​គិត​សូម​អ្វី ទោះ​បើ​ដល់​នគរ​១​ចំហៀង​ក៏​ដោយ គង់​តែ​បាន​សំរេច​ឲ្យ​ព្រះ‌នាង​ដែរ

7 អេសធើរ​ទូល​ឆ្លើយ​ថា សេចក្ដី​សំណូម​របស់​ខ្ញុំ​ម្ចាស់ និង​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន

8 គឺ​បើ​ព្រះ‌ករុណា​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សេចក្ដី​សំណូម ហើយ​សំរេច​តាម​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ដែរ នោះ​សូម​ព្រះ‌ករុណា និង​ហាម៉ាន​យាង​មក​សោយ​លៀង​ដែល​ខ្ញុំ​ម្ចាស់ និង​រៀប‌ចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត នោះ​ខ្ញុំ​ម្ចាស់​នឹង​ធ្វើ​តាម​ដែល​ព្រះ‌ករុណា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។