នាងអេសធើរ 7:5-10 KHOV

5 ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ព្រះ‌នាង​អេសធើរ ជា​អគ្គ‌មហេសី​ថា តើ​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​ការ​ដូច្នោះ តើ​គេ​នៅ​ឯ​ណា

6 នោះ​អេសធើរ​ទូល​តប​ថា នុ៎ះ​ន៍ អ្នក​ដែល​ធ្វើ​ទុក្ខ ហើយ​ស្អប់​ដល់​យើង​ខ្ញុំ គឺ​ហាម៉ាន ជា​មនុស្ស​អាក្រក់​នេះ​ឯង ដូច្នេះ ហាម៉ាន​ក៏​ភ័យ​ស្លុត នៅ​ចំពោះ​ស្តេច និង​អគ្គ‌មហេសី

7 ឯ​ស្តេច​ទ្រង់​មាន​សេចក្ដី​ក្រោធ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ក្រោក​ពី​ទី​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ យាង​ចេញ​ទៅ​ឯ​សួន‌ច្បារ​ក្នុង​ព្រះ‌រាជ‌វាំង ហើយ​ហាម៉ាន​លោក​ឈរ​ឡើង សូម​អង្វរ​ដល់​អេសធើរ ជា​អគ្គ‌មហេសី ឲ្យ​បាន​រួច​ជីវិត ពី​ព្រោះ​លោក​យល់​ឃើញ​ថា ស្តេច​ទ្រង់​បាន​សំរេច​នឹង​ធ្វើ​ទោស​ដល់​ខ្លួន​ហើយ

8 បាន​ជា​ផ្តួល​ខ្លួន​ក្រាប​ចុះ​នៅ​លើ​ព្រះ‌ទែន ដែល​អេសធើរ​ផ្អែក ខណៈ​នោះ​ឯង ស្តេច​ទ្រង់​យាង​ត្រឡប់​ពី​សួន‌ច្បារ​ចូល​មក​ក្នុង​ទី​លៀង​វិញ ឃើញ​ដូច្នោះ ក៏​មាន​ព្រះ‌បន្ទូល​ថា យើះ វា​គិត​ទាំង​បង្ខូច​អគ្គ‌មហេសី​អញ នៅ​មុខ​អញ​ក្នុង​ដំណាក់​ផង​ឬ កាល​ស្តេច​កំពុង​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​គេ​ក៏​គ្រប​មុខ​ហាម៉ាន

9 រួច​ហាបូណា ជា​ពួក​ភ្នាក់‌ងារ​ម្នាក់​ទូល​នៅ​ចំពោះ​ស្តេច​ថា ហ្ន៍ មាន​ឈើ​កំពស់​៥០​ហត្ថ​ដែល​ហាម៉ាន​បាន​ដំឡើង ទុក​សំរាប់​ព្យួរ​ម៉ា‌ដេកាយ ជា​អ្នក​ដែល​បាន​ទូល​ជា​គុណ​ដល់​ព្រះ‌ករុណា នោះ​នៅ​ឯ​ផ្ទះ​វា​ស្រាប់ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ដូច្នោះ ចូរ​ព្យួរ​វា​នឹង​ឈើ​នោះ​ទៅ

10 គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​នៅ​ឈើ ដែល​លោក​បាន​ដំឡើង​សំរាប់​ចង​ព្យួរ​ម៉ា‌ដេកាយ​នោះ​ទៅ ដូច្នេះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់​បង់។