7 ឯស្តេចទ្រង់មានសេចក្ដីក្រោធ ដល់ម៉្លេះបានជាទ្រង់ក្រោកពីទីលៀងស្រាទំពាំងបាយជូរ យាងចេញទៅឯសួនច្បារក្នុងព្រះរាជវាំង ហើយហាម៉ានលោកឈរឡើង សូមអង្វរដល់អេសធើរ ជាអគ្គមហេសី ឲ្យបានរួចជីវិត ពីព្រោះលោកយល់ឃើញថា ស្តេចទ្រង់បានសំរេចនឹងធ្វើទោសដល់ខ្លួនហើយ
8 បានជាផ្តួលខ្លួនក្រាបចុះនៅលើព្រះទែន ដែលអេសធើរផ្អែក ខណៈនោះឯង ស្តេចទ្រង់យាងត្រឡប់ពីសួនច្បារចូលមកក្នុងទីលៀងវិញ ឃើញដូច្នោះ ក៏មានព្រះបន្ទូលថា យើះ វាគិតទាំងបង្ខូចអគ្គមហេសីអញ នៅមុខអញក្នុងដំណាក់ផងឬ កាលស្តេចកំពុងមានព្រះបន្ទូលនៅឡើយ នោះគេក៏គ្របមុខហាម៉ាន
9 រួចហាបូណា ជាពួកភ្នាក់ងារម្នាក់ទូលនៅចំពោះស្តេចថា ហ្ន៍ មានឈើកំពស់៥០ហត្ថដែលហាម៉ានបានដំឡើង ទុកសំរាប់ព្យួរម៉ាដេកាយ ជាអ្នកដែលបានទូលជាគុណដល់ព្រះករុណា នោះនៅឯផ្ទះវាស្រាប់ ស្តេចទ្រង់មានព្រះបន្ទូលតបថា ដូច្នោះ ចូរព្យួរវានឹងឈើនោះទៅ
10 គេក៏ចងកហាម៉ានព្យួរនៅឈើ ដែលលោកបានដំឡើងសំរាប់ចងព្យួរម៉ាដេកាយនោះទៅ ដូច្នេះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់បង់។