3 អេសធើរក៏ទូលនៅចំពោះស្តេចម្តងទៀត ដោយក្រាបនៅទៀបព្រះបាទទ្រង់ អង្វរទាំងទឹកភ្នែក ឲ្យទ្រង់លើកចោលការអាក្រក់របស់ហាម៉ាន ជាសាសន៍អ័កាក់ព្រមទាំងឧបាយ ដែលវាបានបង្កើត ទាស់នឹងពួកយូដា
4 ខណៈនោះ ស្តេចទ្រង់ក៏ហុចព្រះដំបងមាសដល់អេសធើរដូច្នេះ ព្រះនាងក្រោកឡើង ឈរនៅចំពោះស្តេច
5 ទូលថា បើព្រះករុណាសព្វព្រះទ័យ ហើយបើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ព្រមទាំងរាប់សេចក្ដីនេះថាជាគួរ ហើយបើខ្ញុំម្ចាស់ជាទីពេញព្រះទ័យដល់ទ្រង់ នោះសូមទ្រង់ចេញព្រះរាជឱង្ការ១ច្បាប់ លើកចោលសំបុត្រទាំងប៉ុន្មាន ដែលហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ បានធ្វើនោះ ជាសំបុត្រដែលវាផ្ញើទៅ បង្គាប់ឲ្យបំផ្លាញពួកសាសន៍យូដានៅគ្រប់ទាំងខេត្តរបស់ព្រះករុណា
6 ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំម្ចាស់ទ្រាំមើលសេចក្ដីវេទនា ដែលនឹងកើតដល់ជាតិរបស់ខ្ញុំម្ចាស់ ឬទ្រាំមើលញាតិសន្តានរបស់ខ្ញុំម្ចាស់ត្រូវវិនាសទៅបាន
7 នោះស្តេចអ័ហាស៊ូរុសទ្រង់មានព្រះបន្ទូលទៅអេសធើរអគ្គមហេសី និងម៉ាដេកាយ ជាសាសន៍យូដាថា នេះនែយើងបានឲ្យផ្ទះរបស់ហាម៉ានដល់អេសធើរហើយ ក៏បានចងកវាព្យួរនឹងឈើផង ដោយព្រោះវាលូកដៃទៅទាស់នឹងសាសន៍យូដា
8 ឥឡូវនេះ ចូរសរសេរដោយព្រះនាមយើងផ្ញើទៅសាសន៍យូដា តាមតែចិត្តចុះ ហើយប្រថាប់ត្រាដោយព្រះទំរង់យើងផង ដ្បិតសេចក្ដីណាដែលបានកត់ចុះដោយនូវព្រះនាមនៃស្តេច ហើយប្រថាប់ត្រាដោយព្រះទំរង់រាជ្យ នោះនឹងលើកចោលចេញពុំបានឡើយ។
9 ដូច្នេះ នៅវេលានោះឯង គឺថ្ងៃ២៣ខែទី៣ ជាខែជេស្ឋ នោះគេបានហៅពួកស្មៀនហ្លួងមក កត់អស់ទាំងសេចក្ដីដែលម៉ាដេកាយបង្គាប់ដល់ពួកសាសន៍យូដា ពួកចៅហ្វាយខេត្ត និងពួកចៅហ្វាយស្រុក ហើយពួកអ្នកជាប្រធាននៅគ្រប់ទាំង១២៧ខេត្ត ចាប់តាំងពីស្រុកក្លិង្គរហូតដល់ស្រុកអេធីយ៉ូពី គឺដល់គ្រប់ទាំងខេត្តតាមអក្សរជាតិ និងដល់គ្រប់ទាំងសាសន៍ តាមភាសារបស់គេ ហើយដល់ពួកសាសន៍យូដាតាមអក្សរ តាមភាសារបស់គេដែរ