នាងអេសធើរ 9:13-19 KHOV

13 អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ នោះ​សូម​បើក​ឲ្យ​ពួក​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​បាន​ធ្វើ​តាម​ច្បាប់​ដដែល នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​១០​នាក់​នឹង​ឈើ​ទៅ

14 ស្តេច​ទ្រង់​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ​នៅ​ក្រុង​ស៊ូសាន រួច​បាន​ព្យួរ​ខ្មោច​កូន​ហាម៉ាន​ទាំង​១០​នាក់​នោះ​ទៅ

15 ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ក៏​មូល​គ្នា នៅ​ថ្ងៃ​១៤ ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សំឡាប់​មនុស្ស​៣០០​នាក់​ទៀត នៅ​ស៊ូសាន តែ​គេ​មិន​ប៉ះពាល់​ដល់​របឹប​ទេ

16 ឯ​ពួក​យូដា​ឯ​ទៀត​ទាំង​ប៉ុន្មាន ដែល​នៅ​អស់​ទាំង​ព្រះ‌រាជ‌ខេត្ត គេ​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​គេ​មាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ត​ទៅ គេ​បាន​សំឡាប់​ពួក​អ្នក​ដែល​ស្អប់​គេ​អស់​៧​ម៉ឺន​៥​ពាន់​នាក់ តែ​ឥត​បាន​ប៉ះពាល់​ដល់​របឹប​ទេ។

17 គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​១៣​ខែ​ផល្គុន លុះ​ដល់​ថ្ងៃ​១៤ ទើប​គេ​ឈប់​សំរាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ

18 តែ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន គេ​បាន​មូល​គ្នា​នៅ​ថ្ងៃ​១៣ ក្នុង​ខែ​នោះ និង​នៅ​ថ្ងៃ​១៤​ដែរ លុះ​ដល់​ថ្ងៃ​១៥ ទើប​គេ​ឈប់​សំរាក ហើយ​តាំង​ថ្ងៃ​នោះ​ឡើង​សំរាប់​ជា​ថ្ងៃ​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ

19 គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ឥត​កំផែង​នៅ​ស្រុក​ក្រៅ គេ​កាន់​ថ្ងៃ​១៤​ខែ​ផល្គុន ជា​ថ្ងៃ​សំរាប់​រីក‌រាយ​សាទរ ហើយ​ជប់‌លៀង ជា​ថ្ងៃ​សប្បាយ ហើយ​ជា​ពេល​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក។