នាងអេសធើរ 9:22-28 KHOV

22 ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ ដែល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​រីក‌រាយ​សាទរ ហើយ​សេចក្ដី​សោក‌សៅ​បាន​ទៅ​ជា​ថ្ងៃ​សប្បាយ​វិញ ប្រយោជន៍​ឲ្យ​គេ​បាន​តាំង​ថ្ងៃ​ទាំង​២​នោះ​ទុក​ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក ហើយ​ដាក់​ទាន​ដល់​មនុស្ស​ទាល់​ក្រ​ផង

23 ដូច្នេះ ពួក​សាសន៍​យូដា​ក៏​សំរេច​នឹង​ធ្វើ​តាម ដូច​ជា​គេ​បាន​ចាប់​តាំង​ធ្វើ​មក​ហើយ គឺ​ដូច​ជា​ម៉ា‌ដេកាយ​បាន​សរសេរ​ផ្ញើ​មក​ដែរ

24 ពី​ព្រោះ​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា​បាន​បង្កើត​ឧបាយ​នឹង​បំផ្លាញ​គេ ក៏​បាន​វាយ​លេខ​តាម​របៀន‌ពោរ គឺ​បាន​បោះ​ឆ្នោត ដើម្បី​នឹង​បំផ្លាញ​គេ ហើយ​ធ្វើ​ឲ្យ​គេ​វិនាស​បង់

25 តែ​កាល​ព្រះ‌នាង​អេសធើរ​បាន​ចូល​ទៅ​គាល់​ស្តេច នោះ​ទ្រង់​ក៏​ចេញ​បង្គាប់​ដោយ​សំបុត្រ ឲ្យ​ឧបាយ​ដ៏​អាក្រក់ ដែល​ហាម៉ាន​បាន​បង្កើត​ទាស់​នឹង​ពួក​យូដា​នោះ បាន​វិល​ជះ​ទៅ​លើ​ក្បាល​វា​វិញ ហើយ​ឲ្យ​ព្យួរ​វា និង​ពួក​កូន​វា​ទាំង​អស់​ភ្ជាប់​លើ​ឈើ​ផង

26 ហេតុ​នោះ​បាន​ជា​គេ​ហៅ​ថ្ងៃ​ទាំង​២​នោះ​ថា «បុណ្យ​ពោរ» តាម​ពាក្យ «ពោរ»នោះ​ឯង ហើយ​ដោយ​ព្រោះ​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​សំបុត្រ​នោះ និង​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ឃើញ​ពី​ដំណើរ​នោះ ព្រម​ទាំង​ការ​ដែល​បាន​កើត​ដល់​គេ​ផង

27 បាន​ជា​ពួក​សាសន៍​យូដា គេ​តាំង​ទំនៀម​នោះ​ទុក ហើយ​ក៏​ទទួល​ថា ខ្លួន​គេ ពួក​កូន​ចៅ និង​អស់​អ្នក​ណា​ដែល​ចូល​សាសន៍​គេ នឹង​រក្សា​ថ្ងៃ​ទាំង​២​នោះ តាម​សេចក្ដី​ដែល​បាន​សរសេរ​ទុក ហើយ​តាម​វេលា​កំណត់​នោះ​រាល់​តែ​ឆ្នាំ​ឥត​ខាន​ឡើយ

28 ហើយ​ថា គេ​នឹង​នឹក​ចាំ ហើយ​រក្សា​ថ្ងៃ​ទាំង​២​នោះ នៅ​គ្រប់​ទាំង​ដំណ គ្រប់​ទាំង​គ្រួ នៅ​អស់​ទាំង​ខេត្ត និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ជា​ដរាប​ទៅ មិន​ឲ្យ​បាត់​ពី​ពួក​សាសន៍​យូដា​ឡើយ ឬ​ឲ្យ​កូន​ចៅ​គេ​លែង​នឹក​ចាំ​ពី​ថ្ងៃ​នោះ​ដែរ។