1 នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ាដល់អ៊ីស្រាអែល ដោយសារម៉ាឡាគី។
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានស្រឡាញ់ឯងរាល់គ្នា ប៉ុន្តែឯងរាល់គ្នាថា ទ្រង់មានស្រឡាញ់យើងរាល់គ្នាឯណា ព្រះយេហូវ៉ាទ្រង់តបថា ឯអេសាវ តើមិនមែនជាបងរបស់យ៉ាកុបទេឬអី ទោះបើយ៉ាងនោះ គង់តែអញបានស្រឡាញ់យ៉ាកុប
3 តែចំណែកអេសាវនោះ អញបានស្អប់វិញ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេបានស្ងាត់ច្រៀប ក៏ឲ្យមរដករបស់គេដល់ពួកស្វាន នៅទីរហោស្ថាន
4 ហើយទោះបើពួកអេដំម គេពោលថា យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ គង់តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងសង់ឡើងវិញ តែអញនឹងរំលំចុះទៀត នោះមនុស្សនឹងហៅគេថា ជាព្រំស្រុកនៃសេចក្តីអាក្រក់ ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាទ្រង់មានសេចក្តីគ្នាន់ក្នាញ់ចំពោះគេជាដរាប
5 ភ្នែកឯងរាល់គ្នានឹងឃើញដែរ ហើយឯងនឹងពោលថា សូមឲ្យព្រះយេហូវ៉ាបានដំកើងឡើង ក្រៅពីព្រំស្រុកអ៊ីស្រាអែលទៅទៀត។
6 ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្តីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្តីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា