ម៉ាឡាគី 1:6-12 KHOV

6 ឯ​កូន នោះ​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បំរើ​ក៏​កោត‌ខ្លាច​ដល់​ចៅ‌ហ្វាយ ដូច្នេះ បើ​អញ​ជា​ឪពុក នោះ​តើ​សេចក្តី​គោរព​ដល់​អញ​នៅ​ឯ​ណា ហើយ​បើ​អញ​ជា​ចៅ‌ហ្វាយ តើ​សេចក្តី​គោរព​ដល់​អញ​នៅ​ឯ​ណា នេះ​គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដល់​ឯង​រាល់​គ្នា ជា​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​អញ តែ​ឯង​ថា​យើង​រាល់​គ្នា​មាន​មើល‌ងាយ​ដល់​ព្រះ‌នាម​ទ្រង់​ឯ​ណា

7 គឺ​ឯង​រាល់​គ្នា​ថ្វាយ​នំបុ័ង ដែល​មិន​បរិសុទ្ធ​នៅ​លើ​អាសនា​របស់​អញ ឯង​រាល់​គ្នា​ក៏​ពោល​ថា តើ​យើង​បាន​បង្អាប់​ដល់​ទ្រង់​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា តុ​នៃ​ព្រះ‌យេហូវ៉ា​គួរ​មើល‌ងាយ

8 ហើយ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ ហើយ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច និង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ ចូរ​ជូន​ដល់​ចៅ‌ហ្វាយ​ឯង​ល​មើល បើ​លោក​សុខ​ចិត្ត​នឹង​ឯង ឬ​យ៉ាង​ណា ឬ​បើ​លោក​នឹង​ទទួល​ឯង​ឬ​ទេ

9 នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឥឡូវ​នេះ ខ្ញុំ​សូម​អ្នក​រាល់​គ្នា​ឲ្យ​ទូល‌អង្វរ​ដល់​ព្រះ ដើម្បី​ឲ្យ​ទ្រង់​បាន​ផ្តល់​ព្រះ‌គុណ​ដល់​យើង ការ​ទាំង​អស់​នេះ​បាន​កើត​ដោយ‌សារ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ តើ​ទ្រង់​នឹង​ទទួល​មុខ​អ្នក​រាល់​គ្នា​ណា​១​ឬ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

10 ឱ​បើ​សិន​ជា​មាន​អ្នក​ណា​មួយ ក្នុង​ពួក​ឯង​រាល់​គ្នា​នឹង​បិទ​ទ្វារ​ទៅ​អេះ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង នៅ​លើ​អាសនា​របស់​អញ ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​ចូល​ចិត្ត​នឹង​ឯង​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​ដង្វាយ​ណា​ពី​ដៃ​ឯង​រាល់​គ្នា​ដែរ

11 ដ្បិត​ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ឈ្មោះ​អញ ព្រម​ទាំង​ដង្វាយ​បរិសុទ្ធ​ផង ដ្បិត​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​ក្នុង​សាសន៍​ដទៃ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

12 ប៉ុន្តែ​ចំណែក​ឯង​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​អញ​ទេ​ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ