9 នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឥឡូវនេះ ខ្ញុំសូមអ្នករាល់គ្នាឲ្យទូលអង្វរដល់ព្រះ ដើម្បីឲ្យទ្រង់បានផ្តល់ព្រះគុណដល់យើង ការទាំងអស់នេះបានកើតដោយសារអ្នករាល់គ្នាហើយ ដូច្នេះ តើទ្រង់នឹងទទួលមុខអ្នករាល់គ្នាណា១ឬ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
10 ឱបើសិនជាមានអ្នកណាមួយ ក្នុងពួកឯងរាល់គ្នានឹងបិទទ្វារទៅអេះ ដើម្បីមិនឲ្យបង្កាត់ភ្លើង នៅលើអាសនារបស់អញ ជាអសារឥតការ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អញមិនចូលចិត្តនឹងឯងរាល់គ្នាទេ ក៏មិនព្រមទទួលដង្វាយណាពីដៃឯងរាល់គ្នាដែរ
11 ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះអញនឹងបានជាធំ នៅកណ្តាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះអញ ព្រមទាំងដង្វាយបរិសុទ្ធផង ដ្បិតឈ្មោះអញនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
12 ប៉ុន្តែចំណែកឯងរាល់គ្នា តែងតែបង្អាប់ឈ្មោះអញទេដោយពោលថា តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ
13 ឯងរាល់គ្នាក៏ថា យីះ ការនេះរអាចិត្តណាស់ ហើយបានធ្វើសូរហិះៗដាក់ការនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឯងរាល់គ្នានាំយករបស់ដែលប្លន់យកពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង គឺយ៉ាងនោះដែលឯងរាល់គ្នានាំដង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាទ្រង់សួរថា តើគួរឲ្យអញទទួលពីដៃឯងរាល់គ្នាឬទេ
14 ត្រូវបណ្តាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់វិញ ដ្បិតអញជាស្តេចដ៏ធំ ហើយឈ្មោះអញជាទីស្ញែងខ្លាច នៅកណ្តាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។