ម៉ាឡាគី 2:12-17 KHOV

12 ព្រះ‌យេហូវ៉ា ទ្រង់​នឹង​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ​ចេញ​ពី​ត្រសាល​យ៉ាកុប​ទៅ ទាំង​គ្រូ ទាំង​សិស្ស ហើយ​ទាំង​អ្នក​ដែល​យក​ដង្វាយ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ផង

13 ហើយ​មាន​ការ​នេះ​ដែល​ឯង​រាល់​គ្នា​ធ្វើ​ទៀត គឺ​ឯង​រាល់​គ្នា​គ្រប​បាំង​អាសនា​នៃ​ព្រះ‌យេហូវ៉ា ដោយ​ទឹក​ភ្នែក ដោយ​យំ​សោក ហើយ​ស្រែក​ថ្ងូរ ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​មិន​ទត​មើល​ដង្វាយ​ទៀត​ឡើយ ក៏​មិន​ទទួល​ពី​ដៃ​ឯង​រាល់​គ្នា ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ដែរ ទោះ​បើ​យ៉ាង​នោះ​គង់​តែ​ឯង​រាល់​គ្នា​សួរ​ថា ចុះ​ព្រោះ​ហេតុ​អ្វី

14 គឺ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​សាក្សី​ពី​ឯង និង​ប្រពន្ធ​ដែល​ឯង​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​នោះ ហើយ​ទោះ​បើ​នាង​ជា​គូ​របស់​ឯង និង​ជា​ប្រពន្ធ ដែល​ឯង​បាន​ចុះ​សញ្ញា​នឹង​គ្នា​ក៏​ដោយ គង់​តែ​ឯង​បាន​ប្រព្រឹត្ត ដោយ​ក្បត់​ចំពោះ​នាង​ដែរ

15 តើ​ទ្រង់​មិន​បាន​បង្កើត ឲ្យ​មាន​តែ​១​ទេ​ឬ ទោះ​បើ​ទ្រង់​មាន​ព្រះ‌វិញ្ញាណ​សល់​នៅ​ក៏​ដោយ ហើយ​ហេតុ​អ្វី​បាន​ជា​បង្កើត​តែ​មួយដូច្នេះ គឺ​ពី​ព្រោះ​ទ្រង់​ស្វែង​រក​ចង់​បាន​ពូជ​បរិសុទ្ធ ដូច្នេះ ចូរ​ប្រយ័ត្ន ចំពោះ​វិញ្ញាណ​របស់​ឯង​ចុះ កុំ​ឲ្យ​ប្រព្រឹត្ត​ដោយ​មាន​ចិត្ត​ក្បត់ ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា ពី​កាល​នៅ​ក្រមុំ​កំឡោះ​នោះ​ឡើយ

16 ដ្បិត​អញ​ស្អប់​ការ​លះ‌លែង​គ្នា​ណាស់ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល អញ​ក៏​ស្អប់​ទាំង​អ្នក​ដែល​គ្រលុំ​សំលៀក‌បំពាក់​ខ្លួន ដោយ​ការ​ច្រឡោត​ដែរ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ដូច្នេះ​ចូរ​ប្រយ័ត្ន​ចំពោះ​វិញ្ញាណ​របស់​ឯង​ចុះ កុំ​ឲ្យ​ប្រព្រឹត្ត ដោយ​ចិត្ត​ក្បត់​ឡើយ។

17 ឯង​រាល់​គ្នា​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​រំខាន​ព្រះ‌ហឫ‌ទ័យ​ដោយ​ពាក្យ​សំដី​របស់​ឯង ទោះ​បើ​យ៉ាង​នោះ ក៏​ឯង​រាល់​គ្នា​សួរ​ថា យើង​បាន​នាំ​ឲ្យ​ទ្រង់​រំខាន​ព្រះ‌ទ័យ​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គេ ឬ​ថា តើ​ព្រះ​នៃ​សេចក្តី​យុត្តិ‌ធម៌​ទ្រង់​នៅ​ឯ​ណា។