13 ហើយមានការនេះដែលឯងរាល់គ្នាធ្វើទៀត គឺឯងរាល់គ្នាគ្របបាំងអាសនានៃព្រះយេហូវ៉ា ដោយទឹកភ្នែក ដោយយំសោក ហើយស្រែកថ្ងូរ ដល់ម៉្លេះបានជាទ្រង់មិនទតមើលដង្វាយទៀតឡើយ ក៏មិនទទួលពីដៃឯងរាល់គ្នា ដោយព្រះហឫទ័យស្មោះដែរ ទោះបើយ៉ាងនោះគង់តែឯងរាល់គ្នាសួរថា ចុះព្រោះហេតុអ្វី
14 គឺពីព្រោះព្រះយេហូវ៉ា ទ្រង់ជាសាក្សីពីឯង និងប្រពន្ធដែលឯងបានគ្នាពីកាលក្រមុំកំឡោះនោះ ហើយទោះបើនាងជាគូរបស់ឯង និងជាប្រពន្ធ ដែលឯងបានចុះសញ្ញានឹងគ្នាក៏ដោយ គង់តែឯងបានប្រព្រឹត្ត ដោយក្បត់ចំពោះនាងដែរ
15 តើទ្រង់មិនបានបង្កើត ឲ្យមានតែ១ទេឬ ទោះបើទ្រង់មានព្រះវិញ្ញាណសល់នៅក៏ដោយ ហើយហេតុអ្វីបានជាបង្កើតតែមួយដូច្នេះ គឺពីព្រោះទ្រង់ស្វែងរកចង់បានពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត្ន ចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្តដោយមានចិត្តក្បត់ ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំឡោះនោះឡើយ
16 ដ្បិតអញស្អប់ការលះលែងគ្នាណាស់ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល អញក៏ស្អប់ទាំងអ្នកដែលគ្រលុំសំលៀកបំពាក់ខ្លួន ដោយការច្រឡោតដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ដូច្នេះចូរប្រយ័ត្នចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្ត ដោយចិត្តក្បត់ឡើយ។
17 ឯងរាល់គ្នានាំឲ្យព្រះយេហូវ៉ារំខានព្រះហឫទ័យដោយពាក្យសំដីរបស់ឯង ទោះបើយ៉ាងនោះ ក៏ឯងរាល់គ្នាសួរថា យើងបាននាំឲ្យទ្រង់រំខានព្រះទ័យឯណា គឺដោយឯងរាល់គ្នាថា អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ាហើយ ទ្រង់ក៏សព្វព្រះហឫទ័យនឹងគេ ឬថា តើព្រះនៃសេចក្តីយុត្តិធម៌ទ្រង់នៅឯណា។