ម៉ាឡាគី 2:2-8 KHOV

2 ដូច្នេះ បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ថ្វាយ​សិរី‌ល្អ​ដល់​ឈ្មោះ​អញ​ទេ នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ចាត់​សេចក្តី​បណ្តាសា ឲ្យ​មក​លើ​ឯង​រាល់​គ្នា អញ​នឹង​ដាក់​បណ្តាសា​ដល់​ពរ​របស់​ឯង អើ​អញ​បាន​ដាក់​បណ្តាសា​ហើយ ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​សោះ

3 មើល​អញ​នឹង​បំផ្លាញ​ពូជ​ពង្រោះ​របស់​ឯង​ទៅ អញ​នឹង​ជះ​លាមក​ទៅ​លើ​មុខ​ឯង​រាល់​គ្នា គឺ​ជា​លាមក​ពី​ដង្វាយ​យញ្ញ‌បូជា​របស់​ឯង ហើយ​គេ​នឹង​ដឹក​ឯង​ចេញ​ទៅ​ជា​មួយ​ផង

4 នោះ​ឯង​រាល់​គ្នា​នឹង​ថា អញ​បាន​ឲ្យ​សេចក្តី​បង្គាប់​នេះ មក​ដល់​ឯង​ហើយ ដើម្បី​ឲ្យ​សេចក្តី​សញ្ញា​របស់​អញ​បាន​នៅ​ជា​មួយ​នឹង​ពួក​លេវី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

5 ឯ​សេចក្តី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​គេ នោះ​គឺ​ជា​ជីវិត ហើយ​ជា​សេចក្តី​សុខ អញ​បាន​ឲ្យ​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ ព្រម​ទាំង​មាន​សេចក្តី​ភ័យ‌ញ័រ នៅ​ចំពោះ​ឈ្មោះ​អញ

6 គេ​មាន​ច្បាប់​ដ៏​ពិត​នៅ​ក្នុង​មាត់ ហើយ​មិន​ឃើញ​មាន​សេចក្តី​ទុច្ចរិត​នៅ​បបូរ​មាត់​គេ​ឡើយ គេ​បាន​ដើរ​ជា​មួយ​នឹង​អញ​ដោយ​សេចក្តី​សុខ និង​សេចក្តី​ទៀង​ត្រង់ ក៏​បាន​បំបែរ​មនុស្ស​ជា​ច្រើន ចេញ​ពី​សេចក្តី​ទុច្ចរិត

7 ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

8 តែ​ឯង​រាល់​គ្នា​បាន​ទាស​ចេញ​ពី​ផ្លូវ ក៏​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល ក្នុង​ក្រឹត្យ‌វិន័យ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​បាន​បង្ខូច​សេចក្តី​សញ្ញា​របស់​លេវី​ហើយ