ម៉ាឡាគី 2:6-12 KHOV

6 គេ​មាន​ច្បាប់​ដ៏​ពិត​នៅ​ក្នុង​មាត់ ហើយ​មិន​ឃើញ​មាន​សេចក្តី​ទុច្ចរិត​នៅ​បបូរ​មាត់​គេ​ឡើយ គេ​បាន​ដើរ​ជា​មួយ​នឹង​អញ​ដោយ​សេចក្តី​សុខ និង​សេចក្តី​ទៀង​ត្រង់ ក៏​បាន​បំបែរ​មនុស្ស​ជា​ច្រើន ចេញ​ពី​សេចក្តី​ទុច្ចរិត

7 ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

8 តែ​ឯង​រាល់​គ្នា​បាន​ទាស​ចេញ​ពី​ផ្លូវ ក៏​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល ក្នុង​ក្រឹត្យ‌វិន័យ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​បាន​បង្ខូច​សេចក្តី​សញ្ញា​របស់​លេវី​ហើយ

9 ហេតុ​នោះ​អញ​ក៏​បាន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ជា​ទី​មើល‌ងាយ នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​អញ គឺ​បាន​យោគ‌យល់​មុខ​គេ​ក្នុង​ក្រឹត្យ‌វិន័យ​វិញ។

10 យើង​ទាំង​អស់​គ្នា តើ​មិន​មាន​ឪពុក​តែ​១​ទេ​ឬ តើ​មិន​មែន​ជា​ព្រះ​តែ​១ ដែល​បង្កើត​យើង​រាល់​គ្នា​មក​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​យើង​ប្រព្រឹត្ត​ដោយ​ក្បត់ ចំពោះ​បង​ប្អូន​រៀង​ខ្លួន ទាំង​ធ្វើ​បង្អាប់​ដល់​សេចក្តី​សញ្ញា​របស់​ពួក​អយ្យ‌កោ​យើង​ផង​ដូច្នេះ

11 យូដា​បាន​ក្បត់​ហើយ ក៏​មាន​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ ដ្បិត​យូដា​បាន​បង្គាប់​សេចក្តី​ដែល​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​សេចក្តី​ដែល​គួរ​ឲ្យ​គេ​បាន​ស្រឡាញ់​វិញ គឺ​បាន​យក​កូន​ស្រី​របស់​ព្រះ​ដទៃ​ធ្វើ​ជា​ប្រពន្ធ

12 ព្រះ‌យេហូវ៉ា ទ្រង់​នឹង​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ​ចេញ​ពី​ត្រសាល​យ៉ាកុប​ទៅ ទាំង​គ្រូ ទាំង​សិស្ស ហើយ​ទាំង​អ្នក​ដែល​យក​ដង្វាយ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ផង