ម៉ាឡាគី 3:7-13 KHOV

7 ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្តី​បញ្ញត្ត​របស់​អញ ចាប់​តាំង​ពី​គ្រា​ពួក​អយ្យ‌កោ​រៀង​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បង្គាប់​ថា ចូរ​វិល​មក​ឯ​អញ​វិញ​ចុះ នោះ​អញ​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ តែ​ឯង​រាល់​គ្នា​ថា តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច

8 ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ ប៉ុន្តែ​ឯង​រាល់​គ្នា​បាន​កោង​យក​របស់​អញ​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯ​ណា គឺ​ក្នុង​ដង្វាយ​១​ភាគ​ក្នុង​១០ ហើយ​ក្នុង​ដង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង

9 ឯង​រាល់​គ្នា គឺ​មនុស្ស​នៅ​នគរ​នេះ​ទាំង​មូល ត្រូវ​បណ្តាសា​ហើយ ដោយ​ព្រោះ​តែង‌តែ​កោង​យក​របស់​អញ​យ៉ាង​ដូច្នេះ

10 ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បង‌ល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

11 ដូច្នេះ ដោយ​យល់​ដល់​ឯង​រាល់​គ្នា នោះ​អញ​នឹង​បន្ទោស​ដល់​សត្វ​ដែល​ស៊ី​បង្ខូច មិន​ឲ្យ​វា​បំផ្លាញ​ផល​ដែល​កើត​ពី​ដី​ឯង​ឡើយ ឯ​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ចំការ​របស់​ឯង ក៏​មិន​ជំរុះ​ផ្លែ​ពី​កាល​នៅ​ក្តឹប​ដែរ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

12 យ៉ាង​នោះ​គ្រប់​ទាំង​សាសន៍​នឹង​ថា ឯង​រាល់​គ្នា​មាន​ពរ ដ្បិត​ស្រុក​របស់​ឯង​រាល់​គ្នា នឹង​បាន​ជា​ស្រុក​សប្បាយ​ណាស់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

13 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពាក្យ​សំដី​របស់​ឯង​រាល់​គ្នា បាន​ទាស់​នឹង​អញ​ជា​ខ្លាំង ទោះ​បើ​យ៉ាង​នោះ​ក៏​ឯង​រាល់​គ្នា​ថា យើង​បាន​និយាយ​អ្វី​ទាស់​នឹង​ទ្រង់