10 ដូច្នេះ គេមានសេចក្តីស្ញែងខ្លាចក្រៃលែង ហើយក៏សួរលោកថា តើអ្នកបានធ្វើអ្វីដូច្នេះ ដ្បិតបណ្តាអ្នកទាំងនោះបានដឹងថា លោកកំពុងរត់គេចពីព្រះភក្ត្រព្រះយេហូវ៉ា ពីព្រោះលោកបានប្រាប់គេហើយ។
11 រួចគេសួរលោកថា ដូច្នេះ តើត្រូវឲ្យយើងធ្វើដូចម្តេចដល់អ្នក ដើម្បីឲ្យសមុទ្របានស្ងប់វិញ ដ្បិតសមុទ្រចេះតែកំរើករឹតតែខ្លាំងឡើង
12 លោកប្រាប់គេថា ចូរចាប់ខ្ញុំបោះទៅក្នុងសមុទ្រចុះ នោះសមុទ្រនឹងស្ងប់ដល់អ្នករាល់គ្នាហើយ ដ្បិតខ្ញុំដឹងថា ខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងក៏ដោយព្រោះខ្លួនខ្ញុំនេះឯង
13 ប៉ុន្តែគេនាំគ្នាខំចែវឲ្យបានវិលត្រឡប់ទៅឯច្រាំងវិញ តែមិនបានទេ ដ្បិតសមុទ្រចេះតែកំរើករឹតតែខ្លាំងឡើងទាស់នឹងគេ
14 ដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ យើងខ្ញុំសូមអង្វរដល់ទ្រង់ សូមកុំឲ្យយើងខ្ញុំរាល់គ្នាត្រូវវិនាស ដោយព្រោះជីវិតមនុស្សនេះឡើយ ក៏កុំឲ្យទំលាក់ទោសជាកំចាយឈាមឥតទោស មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានសំរេចការតាមដែលគាប់ព្រះហឫទ័យទ្រង់
15 គេក៏ចាប់យ៉ូណាស បោះទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ
16 ដូច្នេះមនុស្សទាំងនោះគេកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែង ហើយក៏ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ព្រមទាំងបន់បំណន់ផង។