យ៉ូណាស 1:7-13 KHOV

7 រួច​គេ​ជំនុំ​គ្នា​ថា ចូរ​យើង​ចាប់​ឆ្នោត​ឲ្យ​បាន​ដឹង ជា​ការ​អាក្រក់​នេះ កើត​ដល់​យើង​ដោយ​ព្រោះ​អ្នក​ណា ដូច្នេះ គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ឆ្នោត​នោះ​ត្រូវ​លើ​យ៉ូណាស

8 រួច​គេ​សួរ​ពី​ដំណើរ​លោក​ថា ចូរ​ប្រាប់​យើង តើ​អ្នក​ណា​បាន​នាំ​ឲ្យ​ការ​អាក្រក់​នេះ​មក​លើ​យើង តើ​អ្នក​រក​ស៊ី​ធ្វើ​ការ​អី ហើយ​មក​ពី​ណា តើ​អ្នក​នៅ​ស្រុក​ណា ហើយ​ជា​សាសន៍​អី

9 នោះ​លោក​ប្រាប់​គេ​ថា ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​ទ្រង់​បាន​បង្កើត​សមុទ្រ និង​ដី​គោក​ផង

10 ដូច្នេះ គេ​មាន​សេចក្តី​ស្ញែង​ខ្លាច​ក្រៃលែង ហើយ​ក៏​សួរ​លោក​ថា តើ​អ្នក​បាន​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​បណ្តា​អ្នក​ទាំង​នោះ​បាន​ដឹង​ថា លោក​កំពុង​រត់​គេច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​លោក​បាន​ប្រាប់​គេ​ហើយ។

11 រួច​គេ​សួរ​លោក​ថា ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ដល់​អ្នក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​វិញ ដ្បិត​សមុទ្រ​ចេះ​តែ​កំរើក​រឹត​តែ​ខ្លាំង​ឡើង

12 លោក​ប្រាប់​គេ​ថា ចូរ​ចាប់​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ចុះ នោះ​សមុទ្រ​នឹង​ស្ងប់​ដល់​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​នេះ​កើត​ឡើង​ក៏​ដោយ​ព្រោះ​ខ្លួន​ខ្ញុំ​នេះ​ឯង

13 ប៉ុន្តែ​គេ​នាំ​គ្នា​ខំ​ចែវ​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ឯ​ច្រាំង​វិញ តែ​មិន​បាន​ទេ ដ្បិត​សមុទ្រ​ចេះ​តែ​កំរើក​រឹត​តែ​ខ្លាំង​ឡើង​ទាស់​នឹង​គេ