2 រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ តើមិនមែនជាសេចក្តីនេះឯងដែលទូលបង្គំបានថា ក្នុងកាលដែលទូលបង្គំនៅឯស្រុករបស់ទូលបង្គំនៅឡើយទេឬអី គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅឯក្រុងតើស៊ីសវិញ ពីព្រោះទូលបង្គំបានដឹងថា ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង
3 ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់ សូមដកជីវិតទូលបង្គំចេញចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅវិញ
4 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបនឹងលោកថា ការដែលឯងខឹងដូច្នេះតើគួរឬ
5 ខណៈនោះ យ៉ូណាសក៏ចេញទៅអង្គុយនៅខាងកើតទីក្រុង នៅទីនោះលោកធ្វើបង្ហា១ ហើយអង្គុយជ្រកនៅក្រោមម្លប់នោះ ដើម្បីចាំមើលការអ្វី ដែលនឹងកើតដល់ទីក្រុង។
6 ព្រះដ៏ជាព្រះយេហូវ៉ា ទ្រង់ក៏បំរុងឲ្យមានដើមវល្លិដុះឡើងគ្របបាំងយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាលប្រយោជន៍ឲ្យលោកបានរួចពីសេចក្តីតប់ប្រមល់ទៅ ដូច្នេះយ៉ូណាសមានសេចក្តីអំណរជាខ្លាំង ដោយព្រោះដើមវល្លិនោះ
7 ប៉ុន្តែដល់ព្រឹកឡើងថ្ងៃក្រោយ ព្រះទ្រង់បំរុងឲ្យមានដង្កូវ១មកស៊ីដើមវល្លិ ឲ្យស្វិតក្រៀមវិញ
8 លុះថ្ងៃបានរះឡើងហើយ ព្រះទ្រង់បំរុងឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ