10 ស្រែចំការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញហើយ ទឹកទំពាំងបាយជូរថ្មីបានហួតរីង ឯប្រេងក៏ខះទៅ
11 ឱពួកអ្នកធ្វើស្រែចំការអើយ ចូរស្រឡាំងកាំងនៅ ហើយពួកអ្នកថែរក្សាចំការទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយព្រោះស្រូវសាលី និងស្រូវឱក ដ្បិតចំរូតនៅស្រែចំការខូចអស់ហើយ
12 ដើមទំពាំងបាយជូរបានស្វិតក្រៀម ហើយដើមល្វាក៏រោយរៀវចុះ ឯដើមទទឹម ដើមលម៉ើ និងដើមសារី គឺអស់ទាំងដើមឈើនៅចំការ បានស្វិតក្រៀមទៅ អើ សេចក្តីអំណរក៏បានរៀវបាត់ពីមនុស្សលោកដែរ។
13 ឱពួកសង្ឃអើយ ចូរក្រវាត់ខ្លួនឡើង ហើយទួញយំចុះ ឱពួកអ្នកដែលធ្វើការងារចំពោះអាសនាអើយ ចូរទ្រហោយំទៅ ឱពួកអ្នកដែលធ្វើការងារថ្វាយព្រះនៃខ្ញុំអើយ ចូរមកដេកគ្រលុំខ្លួនដោយសំពត់ធ្មៃអស់១យប់ចុះ ដ្បិតដង្វាយម្សៅ និងដង្វាយច្រួច ត្រូវឃាំងនៅ មិនឲ្យចូលក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នាឡើយ
14 ចូរញែកពេលចេញ ដើម្បីតមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំ ត្រូវឲ្យប្រមូលពួកចាស់ៗ និងពួកអ្នកស្រុកទាំងអស់ឲ្យមកឯព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា រួចអំពាវនាវដល់ព្រះយេហូវ៉ាទៅ។
15 វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដូចជាការបំផ្លាញពីព្រះដ៏មានគ្រប់ព្រះចេស្តា
16 ឯអាហារតើមិនបានដាច់ចេញពីចំពោះភ្នែកយើង ព្រមទាំងសេចក្តីអំណរ និងសេចក្តីរីករាយ ពីព្រះវិហាររបស់ព្រះនៃយើងផងទេឬអី