6 ពីព្រោះមានជាតិ១ឡើងមកលើស្រុកអញ ជាជាតិខ្លាំងពូកែ ហើយមានច្រើនឥតគណនាវាមានធ្មេញដូចជាធ្មេញសិង្ហ មានថ្គាមជារបស់សិង្ហញី
7 វាបានបំផ្លាញដើមទំពាំងបាយជូររបស់អញ ក៏បានស៊ីសំបកដើមល្វារបស់អញ ព្រមទាំងឲ្យនៅរលីងផង គឺបានធ្វើឲ្យមែកទាំងអស់ទៅជាសទទេ។
8 ចូរសោកពិលាប ដូចជាស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃកាន់ទុក្ខប្ដីដែលដណ្តឹងនាងពីកាលនៅក្មេង
9 ឯដង្វាយម្សៅ និងដង្វាយច្រួច នោះបានផ្តាច់ចេញពីព្រះវិហារនៃព្រះយេហូវ៉ាហើយ ពួកសង្ឃដែលធ្វើការងារថ្វាយព្រះយេហូវ៉ា គេយំសោក
10 ស្រែចំការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញហើយ ទឹកទំពាំងបាយជូរថ្មីបានហួតរីង ឯប្រេងក៏ខះទៅ
11 ឱពួកអ្នកធ្វើស្រែចំការអើយ ចូរស្រឡាំងកាំងនៅ ហើយពួកអ្នកថែរក្សាចំការទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយព្រោះស្រូវសាលី និងស្រូវឱក ដ្បិតចំរូតនៅស្រែចំការខូចអស់ហើយ
12 ដើមទំពាំងបាយជូរបានស្វិតក្រៀម ហើយដើមល្វាក៏រោយរៀវចុះ ឯដើមទទឹម ដើមលម៉ើ និងដើមសារី គឺអស់ទាំងដើមឈើនៅចំការ បានស្វិតក្រៀមទៅ អើ សេចក្តីអំណរក៏បានរៀវបាត់ពីមនុស្សលោកដែរ។