11 ព្រះយេហូវ៉ា ទ្រង់បញ្ចេញព្រះសូរសៀង នៅមុខពលទ័ពរបស់ទ្រង់ ដ្បិតទីបោះទ័ពរបស់ទ្រង់ធំណាស់ ពីព្រោះអ្នកដែលធ្វើសំរេចតាមព្រះបន្ទូលទ្រង់ នោះមានកំឡាំងខ្លាំង ដ្បិតថ្ងៃនៃព្រះយេហូវ៉ាធំក្រៃលែង ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចនឹងធន់នៅបាន។
12 ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ
13 មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណ និងសេចក្តីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្តីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ
14 ឯទ្រង់ ប្រហែលនឹងបែរជាមានព្រះហឫទ័យស្តាយ ក្នុងគ្រានេះទេដឹង ហើយខាងក្រោយទ្រង់នឹងមានព្រះពរដែរ គឺឲ្យមានដង្វាយម្សៅ និងដង្វាយច្រួច សំរាប់ថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាផង។
15 ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសំរាប់តមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំចុះ
16 ត្រូវឲ្យប្រមូលពួកជន ហើយញែកពួកជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ៗ ហើយប្រមូលកូនក្មេង និងកូនដែលនៅបៅដោះ ត្រូវឲ្យប្ដីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននដែរ
17 ត្រូវឲ្យពួកសង្ឃ ជាពួកអ្នកធ្វើការងារថ្វាយព្រះយេហូវ៉ា បានយំនៅត្រង់កណ្តាលបាំងសាច និងអាសនា ត្រូវឲ្យគេទូលថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រណីដល់រាស្ត្រទ្រង់ផង សូមកុំប្រគល់មរដករបស់ទ្រង់ទៅ ឲ្យត្រូវគេត្មះតិះដៀល ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ តើមានទំនងអ្វីឲ្យគេបាននៅកណ្តាលអស់ទាំងសាសន៍ថា តើព្រះរបស់គេនៅឯណា។