18 នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់មានសេចក្តីប្រចណ្ឌចំពោះស្រុករបស់ទ្រង់ ក៏មានសេចក្តីអាណិតមេត្តាដល់រាស្ត្រទ្រង់
19 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបនឹងរាស្ត្រទ្រង់ថា នែ អញនឹងផ្ញើស្រូវ ទឹកទំពាំងបាយជូរថ្មី និងប្រេងដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានស្កប់ចិត្ត អញនឹងមិនធ្វើឲ្យឯងជាទីត្មះតិះដៀល នៅកណ្តាលអស់ទាំងសាសន៍ទៀតឡើយ
20 គឺអញនឹងកំចាត់ពលទ័ពពីទិសខាងជើងឲ្យឆ្ងាយចេញពីឯងទៅ ហើយបណ្តេញគេទៅឯស្រុក១ដែលហួតហែង ហើយស្ងាត់ច្រៀប មានក្បាលទ័ពបែរទៅឯសមុទ្រខាងកើត ហើយកន្ទុយទ័ពនៅឯសមុទ្រខាងលិច ហើយក្លិនស្អុយរបស់គេនឹងសាយឡើង ព្រមទាំងក្លិនគំរង់ផង ពីព្រោះគេបានធ្វើការយ៉ាងសំបើម។
21 ឱស្រុកអើយ កុំឲ្យភ័យឡើយ ចូរមានសេចក្តីត្រេកអរ ហើយរីករាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើការយ៉ាងសំបើមដែរ
22 ម្នាលសត្វនៅផែនដីទាំងឡាយ កុំខ្លាចអ្វី ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលូតលាស់ឡើង ហើយដើមឈើទាំងប៉ុន្មានក៏កើតផល ឯដើមល្វា និងដើមទំពាំងបាយជូរកំពុងតែបញ្ចេញសម្បត្តិវា
23 ដូច្នេះពួកកូនស្រុកក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយឡើង ចូរមានសេចក្តីរីករាយក្នុងព្រះយេហូវ៉ាជាព្រះនៃឯងចុះ ពីព្រោះទ្រង់ប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ទ្រង់បង្អុរឲ្យភ្លៀងធ្លាក់ចុះ សំរាប់ឯងរាល់គ្នា គឺជាភ្លៀងដើម និងភ្លៀងចុងរដូវ ដូចកាលមុន
24 អស់ទាំងទីលាននឹងបានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញព្រៀបទៅ ដោយទឹកទំពាំងបាយជូរ និងប្រេង