យ៉ូអែល 2:20-26 KHOV

20 គឺ​អញ​នឹង​កំចាត់​ពល​ទ័ព​ពី​ទិស​ខាង​ជើង​ឲ្យ​ឆ្ងាយ​ចេញ​ពី​ឯង​ទៅ ហើយ​បណ្តេញ​គេ​ទៅ​ឯ​ស្រុក​១​ដែល​ហួត‌ហែង ហើយ​ស្ងាត់‌ច្រៀប មាន​ក្បាល​ទ័ព​បែរ​ទៅ​ឯ​សមុទ្រ​ខាង​កើត ហើយ​កន្ទុយ​ទ័ព​នៅ​ឯ​សមុទ្រ​ខាង​លិច ហើយ​ក្លិន​ស្អុយ​របស់​គេ​នឹង​សាយ​ឡើង ព្រម​ទាំង​ក្លិន​គំរង់​ផង ពី​ព្រោះ​គេ​បាន​ធ្វើ​ការ​យ៉ាង​សំបើម។

21 ឱ​ស្រុក​អើយ កុំ​ឲ្យ​ភ័យ​ឡើយ ចូរ​មាន​សេចក្តី​ត្រេក‌អរ ហើយ​រីក‌រាយ​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​សំបើម​ដែរ

22 ម្នាល​សត្វ​នៅ​ផែនដី​ទាំង‌ឡាយ កុំ​ខ្លាច​អ្វី ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​កំពុង​លូត‌លាស់​ឡើង ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​កើត​ផល ឯ​ដើម​ល្វា និង​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​បញ្ចេញ​សម្បត្តិ​វា

23 ដូច្នេះ​ពួក​កូន​ស្រុក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​ឡើង ចូរ​មាន​សេចក្តី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ពី​ព្រោះ​ទ្រង់​ប្រទាន​ភ្លៀង​ដំបូង​មក​តាម​ខ្នាត​ត្រឹម​ត្រូវ ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ សំរាប់​ឯង​រាល់​គ្នា គឺ​ជា​ភ្លៀង​ដើម និង​ភ្លៀង​ចុង​រដូវ ដូច​កាល​មុន

24 អស់​ទាំង​ទីលាន​នឹង​បាន​ពេញ​ដោយ​ស្រូវ‌សាលី ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ព្រៀប​ទៅ ដោយ​ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង

25 អញ​នឹង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត ដង្កូវ និង​ក្រា គឺ​ជា​កង‌ទ័ព​ធំ​របស់​អញ ដែល​អញ​បាន​ចាត់​ប្រើ​មក​កណ្តាល​ឯង​រាល់​គ្នា​នោះ

26 ឯង​រាល់​គ្នា​នឹង​បាន​ស៊ី​ជា​បរិបូរ ហើយ​បាន​ឆ្អែត​ផង ក៏​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ឯង​យ៉ាង​អស្ចារ្យ រួច​រាស្ត្រ​អញ​នឹង​មិន​ត្រូវ​មាន​សេចក្តី​ខ្មាស​ទៀត​ឡើយ