យ៉ូអែល 2:9-15 KHOV

9 គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូច‌ជា​ចោរ

10 ផែនដី​ក៏​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ក៏​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​លែង​ភ្លឺ​ទៅ

11 ព្រះ‌យេហូវ៉ា ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​ពល​ទ័ព​របស់​ទ្រង់ ដ្បិត​ទី​បោះ​ទ័ព​របស់​ទ្រង់​ធំ​ណាស់ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​មាន​កំឡាំង​ខ្លាំង ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធំ​ក្រៃលែង ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​នឹង​ធន់​នៅ​បាន។

12 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ឲ្យ​អស់​អំពី​ចិត្ត​ដោយ​តម​អត់ ហើយ​យំ​ពិលាប ព្រម​ទាំង​សៅ‌សោក​ឥឡូវ​នេះ​ចុះ

13 មិន​ត្រូវ​ឲ្យ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត​វិញ ហើយ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​មេត្តា‌ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្តាយ​ដោយ​ត្រូវ​វាយ‌ផ្ចាល​គេ​ដែរ

14 ឯ​ទ្រង់ ប្រហែល​នឹង​បែរ​ជា​មាន​ព្រះ‌ហឫ‌ទ័យ​ស្តាយ ក្នុង​គ្រា​នេះ​ទេ​ដឹង ហើយ​ខាង​ក្រោយ​ទ្រង់​នឹង​មាន​ព្រះ‌ពរ​ដែរ គឺ​ឲ្យ​មាន​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ផង។

15 ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ញែក​ពេល​ចេញ​សំរាប់​តម​អត់ ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុត‌មាំ​ចុះ