1 ដ្បិតមើល នៅគ្រានោះ គឺនៅវេលានោះឯង កាលអញបាននាំពួកយូដា ហើយពួកក្រុងយេរូសាឡិម ដែលជាប់ជាឈ្លើយមកវិញ
2 នោះអញនឹងប្រមូលសាសន៍ទាំងអស់នាំគេចុះទៅក្នុងច្រកភ្នំយេហូសាផាត នៅទីនោះអញនឹងសំរេចតាមសេចក្តីយុត្តិធម៌ដល់គេ ដោយព្រោះរាស្ត្រអញ គឺអ៊ីស្រាអែលជាមរដករបស់អញ ដែលគេកំចាត់កំចាយទៅនៅអស់ទាំងសាសន៍ ព្រមទាំងបែងចែកស្រុករបស់អញផង
3 គេបានបោះឆ្នោតឲ្យបានរាស្ត្រអញ គេបានដូរកូនប្រុស១ឲ្យបានស្រីសំផឹងវិញ ហើយបានលក់កូនស្រី១ឲ្យបានស្រាទំពាំងបាយជូរសំរាប់ផឹក
4 ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន និងក្រវល់ស្រុកភីលីស្ទីនអើយ តើឯងមានការអ្វីនឹងអញ តើឯងរាល់គ្នាគិតសងបំណាច់ដល់អញឬ បើឯងរាល់គ្នាសងអញ នោះអញនឹងទំលាក់ទៅលើក្បាលឯងវិញភ្លាម១រំពេច
5 ពីព្រោះឯងរាល់គ្នាបានយកប្រាក់ និងមាសរបស់អញ ដឹកនាំប្រដាប់វិសេសរបស់អញ ទៅទុកនៅក្នុងវិហាររបស់ឯង