យ៉ូអែល 3:4-10 KHOV

4 ម្នាល​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និង​ក្រវល់​ស្រុក​ភីលីស្ទីន​អើយ តើ​ឯង​មាន​ការ​អ្វី​នឹង​អញ តើ​ឯង​រាល់​គ្នា​គិត​សង​បំណាច់​ដល់​អញ​ឬ បើ​ឯង​រាល់​គ្នា​សង​អញ នោះ​អញ​នឹង​ទំលាក់​ទៅ​លើ​ក្បាល​ឯង​វិញ​ភ្លាម​១​រំពេច

5 ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​យក​ប្រាក់ និង​មាស​របស់​អញ ដឹក‌នាំ​ប្រដាប់​វិសេស​របស់​អញ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​ឯង

6 ក៏​បាន​លក់​ពួក​កូន​ចៅ​យូដា និង​កូន​ចៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ដល់​ពួក​សាសន៍​ក្រេក ឲ្យ​គេ​បាន​នាំ​យក​ទៅ​ឯ​ទី​ឆ្ងាយ​ពី​ដែន​ស្រុក​របស់​ខ្លួន

7 មើល អញ​នឹង​ដាស់​គេ​ឡើង ឲ្យ​ចេញ​ពី​ទី​កន្លែង ដែល​ឯង​បាន​លក់​គេ​ទៅ​នៅ​នោះ ហើយ​នឹង​សង​អំពើ​នោះ ទៅ​លើ​ក្បាល​របស់​ឯង​រាល់​គ្នា​វិញ

8 អញ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​ឯង​រាល់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​កូន​ចៅ​យូដា​វិញ ពួក​នោះ​នឹង​លក់​វា​ទៅ​ឲ្យ​ពួក​សេបា គឺ​ដល់​សាសន៍១​ដែល​នៅ​ឆ្ងាយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​វាចា​ហើយ។

9 ចូរ​ប្រកាស​ប្រាប់​សេចក្តី​នេះ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ថា ចូរ​ត្រៀម​គ្នា​សំរាប់​ចូល​ច្បាំង ត្រូវ​ឲ្យ​ដាស់​ពួក​ខ្លាំង​ពូកែ​ឡើង ចូរ​ឲ្យ​អស់​ទាំង​មនុស្ស​ថ្នឹក​ច្បាំង​ចូល​មក​ជិត ហើយ​ឡើង​មក​ចុះ

10 ចូរ​ដំ​ដែក​ផាល​របស់​ឯង​រាល់​គ្នា​ធ្វើ​ជា​ដាវ ហើយ​ដង្កាវ​របស់​ឯង​ធ្វើ​ជា​លំពែង​ទៅ ត្រូវ​ឲ្យ​អ្នក​ខ្សោយ​ពោល​ថា ខ្ញុំ​មាន​កំឡាំង​ដែរ