11 ហើយឲ្យបានបង្រៀនបញ្ញត្តច្បាប់ទាំងប៉ុន្មាន ដល់ពួកកូនចៅអ៊ីស្រាអែល ជាបញ្ញត្ត ដែលព្រះយេហូវ៉ា ទ្រង់បានមានព្រះបន្ទូលប្រាប់គេដោយសារម៉ូសេ។
12 រួចម៉ូសេបង្គាប់ដល់អើរ៉ុន ហើយអេលាសារ និងអ៊ីថាម៉ារ គឺជាកូនអើរ៉ុនដែលនៅសល់ថា ចូរយកដង្វាយម្សៅដែលសល់ពីដង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតដង្វាយនោះជារបស់បរិសុទ្ធបំផុត
13 ត្រូវឲ្យអ្នករាល់គ្នាបរិភោគដង្វាយនោះនៅទីកន្លែងបរិសុទ្ធ ដ្បិតនេះជាចំណែករបស់បង និងពួកកូនរបស់បង ពីដង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ពីព្រោះខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ
14 ឯទ្រូងដែលគ្រវី និងស្មាដែលថ្វាយដោយលើកចុះឡើង នោះត្រូវបរិភោគនៅទីកន្លែងដ៏ស្អាត គឺទាំងបង ហើយនឹងពួកកូនប្រុសស្រីរបស់បងផង ដ្បិតរបស់ទាំងនោះបានប្រទានមកទុកជាចំណែករបស់បងហើយ និងជាចំណែកនៃពួកកូនរបស់បង ពីយញ្ញបូជានៃដង្វាយមេត្រីទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលផង
15 គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង និងទ្រូងដែលគ្រវី មកជាមួយនឹងខ្លាញ់ទាំងប៉ុន្មានដែលសំរាប់ដុតថ្វាយ ដើម្បីនឹងគ្រវី ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ដង្វាយនោះនឹងត្រូវបានជារបស់ផងបង ហើយនឹងពួកកូនរបស់បងផង តាមបញ្ញត្តច្បាប់នៅអស់កល្បជានិច្ចដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
16 ម៉ូសេក៏ខំរកពពែដែលសំរាប់ជាដង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ ហើយនឹងអ៊ីថាម៉ារ ជាកូនអើរ៉ុន ដែលនៅសល់ ហើយសួរថា
17 ដែលឃើញថា ដង្វាយលោះបាបនេះ ជារបស់បរិសុទ្ធបំផុត ហើយថា ទ្រង់បានប្រទានមកឯងរាល់គ្នាផង ចុះម្តេចក៏ឯងមិនបានយកទៅបរិភោគក្នុងទីបរិសុទ្ធវិញ ដើម្បីនឹងទទួលសេចក្ដីទុច្ចរិតរបស់ពួកជំនុំ ប្រយោជន៍ឲ្យបានធួននឹងគេនៅចំពោះព្រះយេហូវ៉ា