3 ម៉ូសេក៏និយាយនឹងអើរ៉ុនថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា ត្រូវឲ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឲ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ ដូច្នេះ អើរ៉ុនក៏នៅស្ងៀម
4 នោះម៉ូសេ លោកហៅមីសាអែល និងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមាអើរ៉ុន មកបង្គាប់ថា ចូរមកសែងយកខ្មោចបងប្អូនឯង ចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ
5 គេក៏ចូលទៅចាប់អាវខ្មោចទាំងនោះ សែងចេញទៅក្រៅទីដំឡើងត្រសាល តាមបង្គាប់ម៉ូសេ
6 រួចម៉ូសេប្រាប់ដល់អើរ៉ុន ហើយអេលាសារ និងអ៊ីថាម៉ារជាកូនលោកថា កុំឲ្យអ្នករាល់គ្នាបើកក្បាលឲ្យនៅទទេឡើយ ក៏កុំហែកសំលៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងពួកជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ
7 មិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំឡើយ ក្រែងនឹងត្រូវស្លាប់ ដ្បិតប្រេងចាក់លាបរបស់ព្រះយេហូវ៉ានៅជាប់លើអ្នករាល់គ្នាហើយ គេក៏ធ្វើតាមបង្គាប់របស់ម៉ូសេ។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា
9 កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឲ្យឯង ឬពួកកូនឯងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ