6 រួចម៉ូសេប្រាប់ដល់អើរ៉ុន ហើយអេលាសារ និងអ៊ីថាម៉ារជាកូនលោកថា កុំឲ្យអ្នករាល់គ្នាបើកក្បាលឲ្យនៅទទេឡើយ ក៏កុំហែកសំលៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងពួកជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ
7 មិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំឡើយ ក្រែងនឹងត្រូវស្លាប់ ដ្បិតប្រេងចាក់លាបរបស់ព្រះយេហូវ៉ានៅជាប់លើអ្នករាល់គ្នាហើយ គេក៏ធ្វើតាមបង្គាប់របស់ម៉ូសេ។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា
9 កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឲ្យឯង ឬពួកកូនឯងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ
10 គឺដើម្បីឲ្យឯងរាល់គ្នាចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតា និងរបស់ស្មោកគ្រោកចេញពីរបស់ដែលស្អាត
11 ហើយឲ្យបានបង្រៀនបញ្ញត្តច្បាប់ទាំងប៉ុន្មាន ដល់ពួកកូនចៅអ៊ីស្រាអែល ជាបញ្ញត្ត ដែលព្រះយេហូវ៉ា ទ្រង់បានមានព្រះបន្ទូលប្រាប់គេដោយសារម៉ូសេ។
12 រួចម៉ូសេបង្គាប់ដល់អើរ៉ុន ហើយអេលាសារ និងអ៊ីថាម៉ារ គឺជាកូនអើរ៉ុនដែលនៅសល់ថា ចូរយកដង្វាយម្សៅដែលសល់ពីដង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតដង្វាយនោះជារបស់បរិសុទ្ធបំផុត