លេវីវិន័យ 10:7-13 KHOV

7 មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ត្រសាល​ជំនុំ​ឡើយ ក្រែង​នឹង​ត្រូវ​ស្លាប់ ដ្បិត​ប្រេង​ចាក់​លាប​របស់​ព្រះ‌យេហូវ៉ា​នៅ​ជាប់​លើ​អ្នក​រាល់​គ្នា​ហើយ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​ម៉ូសេ។

8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា

9 កាល​ណា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ នោះ​កុំ​ឲ្យ​ឯង ឬ​ពួក​កូន​ឯង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​ស្លាប់ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ពូជ​ដំណ​ឯង​ត​ទៅ

10 គឺ​ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា និង​របស់​ស្មោក‌គ្រោក​ចេញ​ពី​របស់​ដែល​ស្អាត

11 ហើយ​ឲ្យ​បាន​បង្រៀន​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បញ្ញត្ត ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​ដោយ‌សារ​ម៉ូសេ។

12 រួច​ម៉ូសេ​បង្គាប់​ដល់​អើរ៉ុន ហើយ​អេលាសារ និង​អ៊ីថាម៉ារ គឺ​ជា​កូន​អើរ៉ុន​ដែល​នៅ​សល់​ថា ចូរ​យក​ដង្វាយ​ម្សៅ​ដែល​សល់​ពី​ដង្វាយ​ព្រះ‌យេហូវ៉ា ទៅ​បរិភោគ​ដោយ​ឥត​ដំបែ​នៅ​ខាង​អាសនា​ទៅ ដ្បិត​ដង្វាយ​នោះ​ជា​របស់​បរិសុទ្ធ​បំផុត

13 ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ដង្វាយ​នោះ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​នេះ​ជា​ចំណែក​របស់​បង និង​ពួក​កូន​របស់​បង ពី​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ​ហើយ