លេវីវិន័យ 13:51-57 KHOV

51 ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា បាន​រាល‌ដាល​ធំ​ឡើង​នៅ​សំលៀក‌បំពាក់​នោះ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ដែល​ជា​ស្បែក​ប្រើ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​គឺ​ជា​រោគ​ដែល​ស៊ី​បង្ខូច​របស់​នោះ​ស្មោក‌គ្រោក​ហើយ

52 ត្រូវ​ដុត​សំលៀក‌បំពាក់​នោះ​ចោល ទោះ​បើ​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ខ្លូត‌ទេស ដែល​កើត​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់​ក្តី ព្រម​ទាំង​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​មាន​រោគ​នោះ​ផង ដ្បិត​រោគ​នោះ គឺ​ជា​ឃ្លង់​ដែល​ស៊ី​បង្ខូច ត្រូវ​ដុត​នឹង​ភ្លើង​ទៅ។

53 តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ឡើង​នៅ​សំលៀក‌បំពាក់​នោះ​ទេ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​នៅ​របស់​អ្វី​ដែល​ធ្វើ​ពី​ស្បែក​នោះ​ដែរ

54 នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្គាប់​ឲ្យ​លាង​របស់​ដែល​មាន​រោគ​នោះ​ចេញ រួច​ត្រូវ​យក​ទៅ​បង្ខាំង​ទុក​៧​ថ្ងៃ​ទៀត

55 ក្រោយ​ដែល​បាន​លាង​រួច​ហើយ នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​ប្រែ​សម្បុរ​ទេ ក៏​មិន​បាន​រាល‌ដាល​ឡើង​ផង របស់​នោះ​ស្មោក‌គ្រោក​ហើយ ត្រូវ​ដុត​ចោល​ក្នុង​ភ្លើង​ទៅ ដ្បិត​ជា​រោគ​ស៊ី​បង្ខូច​ពិត ទោះ​បើ​ខាង​ក្នុង ឬ​ខាង​ក្រៅ​ក្តី

56 បើ​សង្ឃ​ពិនិត្យ​មើល​ឃើញ​ថា រោគ​នោះ​ចង់​ស្រអាប់​ហើយ ក្នុង​ពេល​ក្រោយ​ដែល​បាន​លាង​ចេញ នោះ​ត្រូវ​ហែក​ត្រង់​ដុំ​នោះ​ពី​សំលៀក‌បំពាក់ ឬ​ពី​ស្បែក​នោះ ពី​អំបោះ​អន្ទង ឬ​ពី​អំបោះ​ចាក់​យក​ចេញ

57 រួច​បើ​ចេះ​តែ​លេច​មក​នៅ​សំលៀក‌បំពាក់​នោះ​ទៀត ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី នោះ​គឺ​ជា​ដំណួច​រោគ​ឃ្លង់​ហើយ ត្រូវ​តែ​យក​របស់​ដែល​មាន​រោគ​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ