លេវីវិន័យ 14:12-18 KHOV

12 ត្រូវ​ឲ្យ​សង្ឃ​យក​កូន​ចៀម​ឈ្មោល​១​ទៅ​ថ្វាយ​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង ព្រម​ទាំង​ប្រេង​១​កំប៉ុង​ផង រួច​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

13 ត្រូវ​សំឡាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សំឡាប់​ដង្វាយ​លោះ​បាប ហើយ​នឹង​ដង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​ដង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​រំលង ជា​របស់​ផង​សង្ឃ ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ ដង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត

14 រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​របស់​អ្នក ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​លើ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង

15 ក៏​ត្រូវ​យក​ប្រេង ពី​ក្នុង​កំប៉ុង ចាក់​ទៅ​ក្នុង​បាត​ដៃ​ឆ្វេង​ខ្លួន

16 ហើយ​ជ្រលក់​ម្រាម‌ដៃ​ស្តាំ ទៅ​ក្នុង​ប្រេង ដែល​នៅ​ក្នុង​បាត‌ដៃ ប្រោះ​៧​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

17 ឯ​ប្រេង​ដែល​សល់​នៅ​បាត‌ដៃ នោះ​ត្រូវ​យក​ខ្លះ​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ និង​មេ‌ដៃ​ស្តាំ ហើយ​នឹង​មេ‌ជើង​ស្តាំ​របស់​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត​នោះ ត្រង់​កន្លែង​ដែល​បាន​លាប​ឈាម​នៃ​ដង្វាយ ដែល​ថ្វាយ ដោយ​ព្រោះ​ការ​រំលង​ដែរ

18 ហើយ​ប្រេង​ដែល​សល់​នៅ​ក្នុង​បាត‌ដៃ​របស់​សង្ឃ ត្រូវ​ឲ្យ​ចាក់​លើ​ក្បាល​នៃ​អ្នក​ដែល​ញែក​ជា​ស្អាត​ទៅ រួច​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា