លេវីវិន័យ 14:25-31 KHOV

25 រួច​ត្រូវ​សំឡាប់​កូន​ចៀម ដែល​សំរាប់​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ហើយ​ត្រូវ​យក​ឈាម​នៃ​ដង្វាយ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​នៃ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង

26 ក៏​ត្រូវ​ចាក់​ប្រេង​ទៅ​ក្នុង​បាត‌ដៃ​ឆ្វេង​របស់​ខ្លួន

27 ហើយ​ប្រោះ​ប្រេង​នោះ​ដោយ​ម្រាម​ដៃ​ស្តាំ​អស់​៧​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

28 រួច​ត្រូវ​យក​ប្រេង​ដែល​នៅ​ក្នុង​បាត‌ដៃ​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ និង​មេ‌ដៃ​ស្តាំ ហើយ​នឹង​មេ‌ជើង​ស្តាំ​នៃ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ត្រង់​កន្លែង​ដែល​បាន​លាប​ឈាម​នៃ​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ

29 ឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត‌ដៃ នោះ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​នៃ​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

30 រួច​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​លលក​១ ឬ​ព្រាប​ជំទើរ​១ តាម​កំឡាំង​ដែល​អ្នក​នោះ​នាំ​យក​មក​បាន

31 គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​១​សំរាប់​ជា​ដង្វាយ​ដុត​ជា​មួយ​នឹង​ដង្វាយ​ម្សៅ​ផង រួច​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ ឲ្យ​ធួន​នឹង​អ្នក ដែល​ត្រូវ​ញែក​ជា​ស្អាត​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា