10 តែឯពពែដែលចាប់ឆ្នោតត្រូវសំរាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាប រួចចាត់គេឲ្យនាំយកទៅលែងឯទីរហោស្ថាន។
11 ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃដង្វាយលោះបាប ដែលសំរាប់ខ្លួនមកឲ្យធួននឹងខ្លួន ហើយនឹងពូជពង្សដែរ រួចសំឡាប់គោនោះថ្វាយដោយព្រោះបាបខ្លួន
12 ត្រូវឲ្យយកជើងពានដាក់ពេញដោយរងើកភ្លើង ពីលើអាសនាដែលនៅចំពោះព្រះយេហូវ៉ា ហើយយកគ្រឿងក្រអូបដែលបុកយ៉ាងម៉ដ្ត ចំនួន២ក្តាប់ នាំចូលទៅខាងក្នុងវាំងនន
13 រួចរោយចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា ដើម្បីឲ្យផ្សែងនៃគ្រឿងក្រអូបនោះហុយឡើង ទៅបាំងទីសន្តោសប្រោសដែលនៅលើហឹបនៃសេចក្ដីបន្ទាល់ ក្រែងលោត្រូវស្លាប់
14 ហើយត្រូវយកឈាមគោនោះ ទៅប្រោះដោយម្រាមដៃលើប៉ែកខាងកើត នៃទីសន្តោសប្រោស ឯខាងមុខទីសន្តោសប្រោស ក៏ត្រូវប្រោះឈាមដោយម្រាមដៃអស់៧ដងដែរ។
15 រួចអើរ៉ុនត្រូវសំឡាប់ពពែឈ្មោលនៃដង្វាយលោះបាបដែលថ្វាយសំរាប់ពួកជន ហើយយកឈាមនាំចូលទៅខាងក្នុងវាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាមគោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសន្តោសប្រោស ហើយនៅខាងមុខដែរ
16 ដូច្នេះ នឹងបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងសេចក្ដីរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវឲ្យធ្វើដូច្នោះឲ្យបានធួននឹងត្រសាលជំនុំ ដែលនៅជាមួយនឹងគេ គឺនៅកណ្តាលអស់ទាំងសេចក្ដីស្មោកគ្រោករបស់គេ