16 ដូច្នេះ នឹងបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងសេចក្ដីរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវឲ្យធ្វើដូច្នោះឲ្យបានធួននឹងត្រសាលជំនុំ ដែលនៅជាមួយនឹងគេ គឺនៅកណ្តាលអស់ទាំងសេចក្ដីស្មោកគ្រោករបស់គេ
17 មិនត្រូវឲ្យមានអ្នកណាមួយនៅក្នុងត្រសាលជំនុំ ក្នុងកាលដែលលោកចូលទៅ ធ្វើឲ្យធួននឹងបាបនៅក្នុងទីបរិសុទ្ធឡើយ ដរាបដល់ចេញមកវិញ ហើយបានធ្វើឲ្យធួននឹងខ្លួន ព្រមទាំងពូជពង្ស ហើយនឹងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង
18 រួចត្រូវឲ្យលោកចេញទៅឯអាសនា ដែលនៅចំពោះព្រះយេហូវ៉ា ដើម្បីនឹងធ្វើឲ្យធួននឹងអាសនានោះ ដោយយកឈាមគោឈ្មោល និងឈាមពពែនោះ ទៅប្រឡាក់នៅស្នែងអាសនាជុំវិញ
19 ត្រូវប្រោះឈាមនោះដោយម្រាមដៃអស់៧ដងទៅលើអាសនា ព្រមទាំងញែកចេញជាស្អាត ឲ្យបានបរិសុទ្ធ រួចពីអស់ទាំងសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល។
20 កាលអើរ៉ុនបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ព្រមទាំងត្រសាលជំនុំ និងអាសនារួចហើយ នោះត្រូវនាំពពែ១ដែលនៅរស់នោះមក
21 រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្ដីទុច្ចរិត និងអស់ទាំងសេចក្ដីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន
22 ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្ដីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីតំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ។