លេវីវិន័យ 16:19-25 KHOV

19 ត្រូវ​ប្រោះ​ឈាម​នោះ​ដោយ​ម្រាម​ដៃ​អស់​៧​ដង​ទៅ​លើ​អាសនា ព្រម​ទាំង​ញែក​ចេញ​ជា​ស្អាត ឲ្យ​បាន​បរិសុទ្ធ រួច​ពី​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

20 កាល​អើរ៉ុន​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ព្រម​ទាំង​ត្រសាល​ជំនុំ និង​អាសនា​រួច​ហើយ នោះ​ត្រូវ​នាំ​ពពែ​១​ដែល​នៅ​រស់​នោះ​មក

21 រួច​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ លន់‌តួ​ពី​អស់​ទាំង​សេចក្ដី​ទុច្ចរិត និង​អស់​ទាំង​សេចក្ដី​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោ‌ស្ថាន

22 ឯ​ពពែ​នោះ​ត្រូវ​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុច្ចរិត​របស់​គេ លើ​ខ្លួន​ចេញ​ទៅ​ឯ​ទី​តំបន់​សូន្យ​ស្ងាត់ រួច​អ្នក​នោះ​ត្រូវ​លែង​វា​នៅ​ទី​រហោ‌ស្ថាន​នោះ។

23 រួច​អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​វិញ ដោះ​សំលៀក‌បំពាក់​ខ្លូត‌ទេស​ដែល​បាន​ស្លៀក‌ពាក់ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នោះ​ចេញ​ទុក​នៅ​ទី​នោះ

24 រួច​មក​ត្រូវ​ងូត​ទឹក​ត្រង់​កន្លែង​បរិសុទ្ធ ហើយ​ស្លៀក‌ពាក់​ឡើង​វិញ ចេញ​មក​ថ្វាយ​ដង្វាយ​ដុត​របស់​ខ្លួន និង​ដង្វាយ​ដុត​របស់​ពួក​ជន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពួក​ជន​ផង

25 ឯ​ខ្លាញ់​នៃ​ដង្វាយ​លោះ​បាប នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា