1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ហើយនឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកដូច្នេះ
3 គឺបើមានអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ដែលសំឡាប់គោ ឬចៀម ឬពពែ នៅក្នុងទីដំឡើងត្រសាល ឬខាងក្រៅទីដំឡើងត្រសាលក្តី
4 ឥតនាំចូលមកឯទ្វារត្រសាលជំនុំ ដើម្បីនឹងថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា នៅមុខរោងឧបោសថរបស់ទ្រង់ អ្នកនោះនឹងបានរាប់ជាមានទោសនឹងឈាម ដ្បិតបានកំចាយឈាមហើយ អ្នកនោះត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ
5 នេះដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបាននាំអស់ទាំងយញ្ញបូជានៃគេ ដែលតែងថ្វាយនៅវាល មកថ្វាយដល់ព្រះយេហូវ៉ានៅមាត់ទ្វារត្រសាលជំនុំវិញ គឺមកឯសង្ឃ ដើម្បីនឹងថ្វាយទុកជាយញ្ញបូជានៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា