លេវីវិន័យ 17:11-16 KHOV

11 ដ្បិត​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សំរាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង ដ្បិត​គឺ​ជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន

12 ដោយ​ហេតុ​នោះ​បាន​ជា​អញ​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កុំ​ឲ្យ​អ្នក​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា​បរិភោគ​ឈាម​ឲ្យ​សោះ ក៏​មិន​ត្រូវ​ឲ្យ​ពួក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​បរិភោគ​ដែរ

13 ឯ​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ក្នុង​ពួក​ប្រទេស​ក្រៅ​នៅ​ជា​មួយ ដែល​ដេញ​ចាប់​បាន​សត្វ​ជើង​៤ ឬ​សត្វ​ស្លាប ដែល​បរិភោគ​បាន ត្រូវ​ឲ្យ​អ្នក​នោះ​សំរក់​ឈាម​ចោល​ចេញ រួច​យក​ដី​គ្រប​វិញ

14 ដ្បិត​ឈាម​ជា​ជីវិត​នៃ​អស់​ទាំង​សត្វ ឈាម និង​ជីវិត​នោះ គឺ​តែ​១​ទេ ដោយ​ហេតុ​នោះ បាន​ជា​អញ​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​នៃ​សត្វ​ណា​មួយ​ឡើយ គឺ​ព្រោះ​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ​ជា​ឈាម​នោះ​ឯង អ្នក​ណា​ដែល​បរិភោគ នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ជា​ពិត

15 ហើយ​អស់​អ្នក​ណា​ដែល​បរិភោគ​សត្វ ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​មាន​សត្វ​ណា​ហែក​សំឡាប់ ទោះ​បើ​អ្នក​នោះ​កើត​ក្នុង​ស្រុក ឬ​ជា​អ្នក​ប្រទេស​ក្រៅ​ក្តី នោះ​ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត រហូត​ដល់​ល្ងាច នោះ​ទើប​នឹង​បាន​ស្អាត​វិញ

16 តែ​បើ​មិន​បាន​បោក ឬ​ងូត​ទឹក​ចេញ​ទេ អ្នក​នោះ​ត្រូវ​ទ្រាំ​ទ្រ​ក្នុង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន​ហើយ។