22 កុំឲ្យរួមដំណេកនឹងប្រុស ដូចជារួមនឹងស្រីឡើយ ដ្បិតនោះជាអំពើគួរខ្ពើមឆ្អើម
23 ក៏កុំឲ្យរួមសង្វាសនឹងសត្វណា ជាការដែលនាំឲ្យស្មោកគ្រោកជាមួយនោះឡើយ ហើយស្រីក៏មិនត្រូវឈរនៅមុខសត្វ ដើម្បីនឹងរួមសង្វាសជាមួយនោះដែរ ដ្បិតជាការច្របូកច្របល់ដ៏លាមក
24 កុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោក ដោយប្រព្រឹត្តអំពើទាំងនេះណាមួយឡើយ ដ្បិតសាសន៍ដទៃទាំងប៉ុន្មាន ដែលអញបណ្តេញចេញពីមុខឯងរាល់គ្នា នោះបានស្មោកគ្រោកចំពោះអំពើទាំងនេះហើយ
25 ហើយស្រុកគេក៏ត្រូវស្មោកគ្រោកដែរ បានជាអញទំលាក់អំពើទុច្ចរិតរបស់គេទៅលើគេវិញ ឯស្រុកក៏ក្អួតគេចេញទៅផង
26 ដូច្នេះ ឯងរាល់គ្នាវិញ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ហើយកុំប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះឡើយ ទោះទាំងអ្នកស្រុក ឬពួកប្រទេសក្រៅដែលនៅកណ្តាលឯងរាល់គ្នាផង
27 ដ្បិតពួកអ្នកនៅស្រុកនោះដែលអាស្រ័យនៅមុនឯងរាល់គ្នា គេបានប្រព្រឹត្តអស់ទាំងអំពើគួរខ្ពើមឆ្អើមនោះ ហើយស្រុករបស់គេក៏បានត្រូវស្មោកគ្រោកទៅ
28 ដូច្នេះ បើកាលណាឯងរាល់គ្នានាំឲ្យស្រុកនោះទៅជាស្មោកគ្រោកដែរ នោះក្រែងស្រុកនោះនឹងក្អួតឯងរាល់គ្នាចេញទៀត ដូចជាបានក្អួតពួកសាសន៍ដទៃដែលនៅមុនឯងរាល់គ្នាផង