លេវីវិន័យ 19:13-19 KHOV

13 មិន​ត្រូវ​ឲ្យ​ឯង​សង្កត់‌សង្កិន​អ្នក​ជិត​ខាង ឬ​រឹប​ជាន់​គេ​ឡើយ ក៏​មិន​ត្រូវ​ទុក​ឈ្នួល​របស់​ជើង​ឈ្នួល​ឯង​ឲ្យ​នៅ​ដល់​ព្រឹក​ដែរ

14 មិន​ត្រូវ​ជេរ​ប្រមាថ​ចំពោះ​មនុស្ស​ថ្លង់ ឬ​ធ្វើ​អ្វី​ឲ្យ​មនុស្ស​ខ្វាក់​ដួល​នោះ​ឡើយ គឺ​ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

15 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ទុច្ចរិត ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​ឯ​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ឲ្យ​ជំនុំ​ជំរះ​អ្នក​ជិត​ខាង​ឯង​ដោយ​សុចរិត​វិញ

16 មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

17 មិន​ត្រូវ​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន​ឯង​ឡើយ ក៏​កុំ​ឲ្យ​ខាន​នឹង​បន្ទោស​ដល់​អ្នក​ជិត​ខាង​ឯង​ដែរ ដើម្បី​កុំ​ឲ្យ​ជាប់​មាន​បាប​ដោយ​ព្រោះ​គេ

18 មិន​ត្រូវ​សង‌សឹក ឬ​ចង​គំនុំ​គុំ‌គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

19 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​អញ មិន​ត្រូវ​ឲ្យ​សត្វ​ឯង​ជាន់​សត្វ​ញី​ណា​ខុស​ពូជ​គ្នា​ឡើយ ក៏​មិន​ត្រូវ​ព្រោះ​ពូជ​២​យ៉ាង​នៅ​ស្រែ​ចំការ​ឯង​ដែរ ហើយ​មិន​ត្រូវ​ស្លៀក‌ពាក់​អ្វី ដែល​លាយ​ដោយ​អំបោះ​២​យ៉ាង​ឡើយ