លេវីវិន័យ 19:15-21 KHOV

15 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ទុច្ចរិត ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​ឯ​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ឲ្យ​ជំនុំ​ជំរះ​អ្នក​ជិត​ខាង​ឯង​ដោយ​សុចរិត​វិញ

16 មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

17 មិន​ត្រូវ​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន​ឯង​ឡើយ ក៏​កុំ​ឲ្យ​ខាន​នឹង​បន្ទោស​ដល់​អ្នក​ជិត​ខាង​ឯង​ដែរ ដើម្បី​កុំ​ឲ្យ​ជាប់​មាន​បាប​ដោយ​ព្រោះ​គេ

18 មិន​ត្រូវ​សង‌សឹក ឬ​ចង​គំនុំ​គុំ‌គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

19 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​អញ មិន​ត្រូវ​ឲ្យ​សត្វ​ឯង​ជាន់​សត្វ​ញី​ណា​ខុស​ពូជ​គ្នា​ឡើយ ក៏​មិន​ត្រូវ​ព្រោះ​ពូជ​២​យ៉ាង​នៅ​ស្រែ​ចំការ​ឯង​ដែរ ហើយ​មិន​ត្រូវ​ស្លៀក‌ពាក់​អ្វី ដែល​លាយ​ដោយ​អំបោះ​២​យ៉ាង​ឡើយ

20 បើ​អ្នក​ណា​សេព‌សម្ភព​នឹង​ស្រី​ជា​បាវ‌បំរើ​ដែល​មាន​គេ​ដណ្តឹង​ហើយ តែ​មិន​ទាន់​បាន​លោះ​ចេញ ឬ​ដែល​ចៅ‌ហ្វាយ​មិន​ទាន់​លែង​ឲ្យ​ទៅ នោះ​គេ​ត្រូវ​មាន​ទោស តែ​មិន​ត្រូវ​ដាក់​ទោស​ដល់​ស្លាប់​ទេ ពី​ព្រោះ​មិន​សំរេច​នឹង​ចិត្ត​នាង​ទេ

21 ហើយ​ប្រុស​នោះ​ត្រូវ​យក​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ គឺ​ជា​ចៀម​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង