18 មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍ឯងឡើយ គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ អញនេះជាព្រះយេហូវ៉ា។
19 ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់របស់អញ មិនត្រូវឲ្យសត្វឯងជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជ២យ៉ាងនៅស្រែចំការឯងដែរ ហើយមិនត្រូវស្លៀកពាក់អ្វី ដែលលាយដោយអំបោះ២យ៉ាងឡើយ
20 បើអ្នកណាសេពសម្ភពនឹងស្រីជាបាវបំរើដែលមានគេដណ្តឹងហើយ តែមិនទាន់បានលោះចេញ ឬដែលចៅហ្វាយមិនទាន់លែងឲ្យទៅ នោះគេត្រូវមានទោស តែមិនត្រូវដាក់ទោសដល់ស្លាប់ទេ ពីព្រោះមិនសំរេចនឹងចិត្តនាងទេ
21 ហើយប្រុសនោះត្រូវយកដង្វាយដោយព្រោះការរំលងមកថ្វាយព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ គឺជាចៀមឈ្មោល១ សំរាប់ជាដង្វាយដោយព្រោះការរំលង
22 នោះត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនៃដង្វាយ ដោយព្រោះការរំលងនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាបរបស់អ្នកនោះ រួចទ្រង់នឹងអត់ទោសចំពោះបាបដែលអ្នកនោះបានប្រព្រឹត្ត។
23 កាលណាឯងរាល់គ្នាបានចូលទៅនៅក្នុងស្រុក ហើយបានដាំដើមឈើគ្រប់មុខឲ្យមានផ្លែបរិភោគ នោះត្រូវឲ្យរាប់ផ្លែឈើនោះ ទុកដូចជាមនុស្ស ដែលមិនកាត់ស្បែក គឺត្រូវរាប់ទុកដូចជាមិនបានកាត់ស្បែកអស់រវាង៣ឆ្នាំ មិនត្រូវបរិភោគផ្លែនោះឡើយ
24 តែដល់ឆ្នាំទី៤ ផ្លែឈើទាំងនោះនឹងបានបរិសុទ្ធវិញ សំរាប់នឹងថ្វាយដល់ព្រះយេហូវ៉ាដោយអរសប្បាយ